ព័ត៌មានជាតិ

ផ្ទុះអាវុធ១គ្រាប់នៅម្តុំជិតប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុនទី១ បណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នា

ភ្នំពេញ: នាវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូប៉ះគ្នាបន្តិចបន្តួច ឈានដល់ការបាញ់១គ្រាប់ នៅម្តុំក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី១ ទីតាំងស្ថិតតាមបណ្ដោយផ្លូវបេតុង ជាប់របងវត្តសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះ ជិះម៉ូតូ១គ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង មានទិសដៅពីត្បូងទៅជើង ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែឃើញជនដៃដល់ជិះម៉ូតូ១គ្រឿង ធ្វើដំណើរពីជើងទៅត្បូងបានទាក់ដៃចង្កូតគ្នា មិនបណ្ដាលឲ្យដួលនោះទេ បានដកកាំភ្លើងបាញ់១គ្រាប់ ចំលើដោះធ្លាយមកខាងក្រោយស្មា រងរបួសធ្ងន់ រីឯជនដៃដល់ក្រោយពីបាញ់ហើយ បានជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព ដោយឡែកជនរងត្រូវបានប្រជាពរដ្ឋដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ។

នៅក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ត្រង់ចំណុចកើតហេតុ យកសម្បកគ្រាប់ផ្ទុះទុកជាវត្ថុតាង សម្រាប់ស្រាវជ្រាវរកជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕





មតិយោបល់