កម្លាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់
ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង២០និង០០នាទី ដោយបានការឯកភាពពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយ៍ទោ រ៉ឹម ម៉ិច បានបើកប្រតិបត្តិការចុះល្បាត នៅតាមតំបន់សំណង់ពណ៌ប្រផេះ និងសំណង់មិនរៀបរយ ទាំង១៤ខណ្ឌ ដោយបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ (ស្រី០១នាក់)។
១-នៅចំណុចបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ
២-នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
៣-ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៣កញ្ចប់ថង់តូច, ដបទឹកកែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយ និងដែកកេះមួយ, ទូរស័ព្ទចំនួន០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់