ភ្នំពេញ: កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ និងកម្មករសំណង់ចាប់បានប្រគល់ឲ្យទៅសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពចូលលួចប៉ុសផ្សាដែក នៅក្នុងការដ្ឋានសំណង់មិនបានសម្រេច ទីតាំងត្រង់ចំណុចការដ្ឋានសំណង់ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ជូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
ដំណើររឿងហេតុ៖ យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅការដ្ឋានសំណង់កើតហេតុ គឺមានកម្មករប្រុសស្រីប្រមាណ៣០នាក់ ធ្វើការនិងស្នាក់នៅខាងក្នុង ហើយកន្លងមកការដ្ឋាននេះធ្លាប់មានជនសង្ស័យចូលទៅលួចសម្ភារ: ហើយនៅយប់កើតហេតុ ពេលចប់ការងារកម្មករទាំងអស់ ក៏បានសំរាកតាមកន្លែងរៀងៗ ដូចសព្វដង លុះដល់វេលាកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យបានដើរមកចូលក្នុងការដ្ឋាន ហើយក៏បានធ្វើសកម្មភាពលួចប៉ុសផ្សាដែកបំរុងយកគេចខ្លួន ពេលនោះក៏មានស្ត្រីជាកម្មករសំណង់ម្នាក់ បានភ្ញាក់ដឹងខ្លួននិងឃើញជនសង្ស័យ ក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងដល់កម្មករផ្សេងទៀត ។ ហើយជនសង្ស័យក៏បានទំលាក់ប៉ុសផ្សាដែកនោះចុះ រួចរត់គេចខ្លួនចេញពីកន្លែងកើតហេតុ តែក៏មានកម្មករប៉ុន្មាននាក់រត់ដេញតាមពីក្រោយនិងស្រែកចោរៗ រហូតអាចស្ទាក់ចាប់បាននៅផ្សារ៧មករាភ្លាមៗតែម្ដង ហើយក៏មានប្រជាពលរដ្ឋក្បែរនោះបានចេញមកជួយស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នរគបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់