ព័ត៌មានជាតិ

សង្ស័យរថយន្តប្រភេទដឹកថ្មមួយគ្រឿង បើកបរបុកនិងកិនម៉ូតូFino បណ្តាលឲ្យបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់មួយរំពេច

ភ្នំពេញ: នាវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបា​នកើតឡើង សង្ស័យរថយន្តប្រភេទដឹកថ្មមួយគ្រឿង បើកបុកនិងកិនម៉ូតូមួយគ្រឿងម៉ាកFino ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BT-0485 បណ្តាលឲ្យបុរសអាយុប្រហែល៣០ឆ្នាំម្នាក់បែកក្បាលស្លាប់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងម៉ាកFino ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BT-0485 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ សង្ស័យមានប្រភេទរថយន្តដឹកថ្មធុនធំមួយគ្រឿង បានបុកនិងកិនម៉ូតូ Fino ពេញទំហឹងបណ្តាលឲ្យបុរសអាយុប្រហែល៣០ឆ្នាំម្នាក់ បែលក្បាលធ្លាយខួរស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុមួយរំពេច ។ ចំណែកឯរថយន្តបង្កហេតុនោះវិញ បានបើកចូលទៅក្នុង​ ការដ្ឋានមួយកន្លែង ហើយតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការទំនាក់ទំនង ស្វែងរកសាច់ញាតិជនរងគ្រោះ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ សមត្ថកិច្ចក្នុងមូលដ្ឋានបានប្រគល់ទៅឲ្យសមត្ថកិច្ចផ្នែកខាងចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងស្វែងរកឃាត់ខ្លួនតៃកុងរថយន្តបង្កហេតុ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕



មតិយោបល់