ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សរបួសធ្ងន់២នាក់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នាវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូឌ្រីមសង់ បុកគ្នាជាមួយនឹងម៉ូតូស្កុពីពេញទំហឹង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់២នាក់ នៅម្តុំមុខផ្សារស្ទឹងមានជ័យចាស់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IY-3528 បើកបរដោយជន មិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានបុកគ្នាជា មួយនឹងម៉ូតូស្កុពីមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IM-0256 ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់០២នាក់ ។
បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅក្រោយពេលកើតហេតុភ្លាមៗ ក្រុមការងារយើងខ្ញុំមិនទាន់ឃើញវត្តមានកម្លាំងសមត្ថកិច្ច ជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានចុះមកដើម្បីអន្តរាគមន៍នោះទេ ។ មួយសន្ទុះក្រោយមកទើបឃើញវត្តមានសមត្ថ កិច្ចចុះមកធ្វើការពិនិត្យមើលទៅមើលទិដ្ឋភាពជាក់ស្តែង និងសាកសួរព័ត៌មានផ្សេង ដើម្បីធ្វើកំណត់ហេតុ ។

រីឯម៉ូតូឌ្រីមសង់ និងម៉ូតូស្កុពីទាំងពីរគ្រឿងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹង មានទី២ យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យភាគីទាំងពីរនាក់ ចូលមកដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់