ព័ត៌មានជាតិ

យុវតីម្នាក់ជិះម៉ូតូ១គ្រឿង ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យដួលរងរបួសជាទម្ងន់

ភ្នំពេញ:​ នា​វេលាម៉ោង​១២និង៤០នាទីយប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​២៨ ខែធ្នូ ​ឆ្នាំ​២០២២ យុវតី​ម្នាក់​ជិះ​ម៉ូតូ១គ្រឿង ​ត្រូវ​ជនសង្ស័យ២​នាក់ ជិះម៉ូតូធ្វើសកម្មភាព​ឆក់​កាបូប​បាន​សម្រេច បណ្តាលឲ្យដួលរងរបួសជាទម្ងន់ ទីតាំងនៅ​​ទល់មុខ​វិទ្យាស្ថានស្រាវជ្រាវព្រៃឈើ​ ស្ថិតតាមបណ្ដោយ​ផ្លូវ​ហាណូយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​។

ហេតុការណ៍៖ ​នៅមុន​ពេល​កើតហេតុ​ គេឃើញ​នារីវ័យក្មេង​ម្នាក់ បាន​ជិះ​ម៉ូតូ១គ្រឿង​ម៉ាក​ ZOOMER-X ពណ៌​ប្រផេះ​ ពាក់ស្លាកលេខ​ ភ្នំពេញ ​1FY-9504 ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​ហាណូយ​ មានទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេលមកដល់ត្រង់ចំណុច​កើតហេតុ ​ផ្លូវ​មាន​សភាព​ស្ងាត់​ ស្រាប់​តែ​លេច​មុខ​ជនសង្ស័យ​២​នាក់ ​ជិះ​ម៉ូតូ១គ្រឿង ​ម៉ាក​ហុងដាឌ្រីម​ ​ជិះ​តាម​​ពីក្រោយ​នារីរងគ្រោះ​ បាន​ធ្វើសកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ​បាន​សម្រេច ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​​រងរបួសធ្ងន់ ចំណែក​ជនសង្ស័យបាន​បន្ថែម​ល្បឿន ​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​ ។

នៅក្រោយ​ពេលកើត​ហេតុ ​សាច់ញាតិ​ជន​រងគ្រោះ​បាន​បើក​រថយន្ត​មក​ដឹក និង​យក​ម៉ូតូ​ចេញទៅ​បាត់ ​ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងដល់សមត្ថកិច្ចនោះ​ទេ ​៕




មតិយោបល់