ព័ត៌មានជាតិ

បុរស២នាក់ជិះម៉ូតូ១គ្រឿង បើកបរលឿនជ្រុលបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ភ្នំពេញ:​ ​នា​វេលាម៉ោង​១០និង​៤០នាទីយប់​ថ្ងៃទី​២៧ ខែធ្នូ ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ និង​បុរស​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ បន្ទាប់​ពី​ជិះ​ម៉ូតូ១គ្រឿង​​ ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ ត្រង់​ចំណុច​ស្តុប​វត្ត​សំរោង​អណ្ដែត​ ទីតាំងស្ថិតតាមបណ្ដោយ​ផ្លូវ​ហាណូយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ​។

ហេតុការណ៍៖ ​នៅមុន​ពេល​កើតហេតុ​ គេឃើញ​បុរស​២​អ្នក​ជិះ​ម៉ូតូ១គ្រឿង ​ម៉ាកនិច ពណ៌ស​ ពាក់ស្លាកលេខ​តាកែវ ​1T-5084 ​ចេញ​ពី​កន្លែង​ធ្វើការ​ទៅ​ទិញអីហូបនៅ​ផ្សារដីហុយ​ ធ្វើដំណើរ​តាមបណ្ដោយ​ហាណូយ​ មានទិសដៅ​ពី​ជើងទៅត្បូង​ក្នុងល្បឿន​លឿន ពេលមក ដល់ចំណុច​កើតហេតុ​ ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្តម៉ាក ​សាំយ៉ុង ​មួយគ្រឿង​ ​កំពុង​ឈប់​ស្តុប​ចរាចរណ៍​ បណ្ដាល​ឲ្យ​បុរស​២​នាក់​រងរបួស​ធ្ងន់ បន្ទាប់​មក​រថយន្ត​គ្លីនិកមួយកន្លែងបាន​មក​ដឹក​ជនរងគ្រោះ​​ទៅ​សង្គ្រោះ ប៉ុន្តែជា​អកុសល​ពេល​ដឹក​តាម​ផ្លូវ​ជនរងគ្រោះម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ ក្រោយ​មកមាន​សាច់ញាតិ​បាន​មក​ដល់និង​ស្រែក​ទ្រហោ​យំ ​។

នៅក្រោយ​ពេលកើត​ហេតុ ​សមត្ថកិច្ចជំនាញ​បាន​ចុះធ្វើការ​វាស់វែង ​យក​ម៉ូតូទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ចំណែក​សពជន​រងគ្រោះ ​សមត្ថកិច្ចបាន​ប្រគល់​​ទៅ​ក្រុម​គ្រួសារ​យក​ធ្វើ​បុណ្យ​​តាម​ប្រពៃណី ៕

មតិយោបល់