ព័ត៌មានជាតិ

រថយន្តសណ្តោងទូកុងតាន័រ បានបើកកៀររថយន្ត Ford រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសណ្តោងទូកុងតាន័រ បានបើកកៀររថយន្ត Ford បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក Ford មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BO-6596 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចរហូតមកដល់ចំណុចកើតហេតុបានឆ្វេងឆ្លងផ្លូវ ខណ:ដែលកំពុងសរសៀរអែបឆ្វេងមិនទាន់ដល់ចំណុចឆ្លងផងស្រាប់តែមានរថយន្តសណ្តោងទូកុងតាន័រមួយពាក់ស្លាកលេខ ព្រះសីហនុ 3A-5644 ធ្វើដំណើរស្របទិសមកពីក្រោយបណ្តាលឲ្យប៉ះកៀរគ្នារងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងបាញ់ថ្នាំយកដាក់ខាង និងឲ្យភាគីទាំង២ធ្វើការសម្របសម្រួលគ្នាមួយជំហ៊ានសិន៕





មតិយោបល់