ព័ត៌មានជាតិ

ជិះម៉ូតូអស់សាំងតាមផ្លូវ ឃើញម៉ូតូសណ្តោងរ៉ឺម៉កទុកចោល លួចបូមបានសាំង៣លីត្រ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃច័ន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៣នឹង៣០នាទី នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ ៖-ឈ្មោះ ឆាន់ សាវ៉េត ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ (សំណូមពរមិនប្តឹងសូមធ្វើការអប់រំ)។

ជនសង្ស័យ០២នាក់៖១-ឈ្មោះ គង់ សុងឡេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន) ។២-ឈ្មោះ ផល វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន) ។

វត្ថុតាងដកហូត៖-គ្មាន។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូតាមផ្លូវក៏អស់សាំង ហើយក៏បណ្តើរម៉ូតូរកកន្លែងចាក់សាំង តែនៅពេលបណ្តើរបានប្រហែល៣០០ម៉ែត្រ ក៏ឃើញម៉ូតូសណ្តោងរ៉ឺម៉ករបស់ជនរងគ្រោះ ទុកចោលក្បែផ្លូវ ក៏បានយកដបទឹកសុទ្ធលួចបូមសាំងចេញពីម៉ូតូសណ្តោងរ៉ឺម៉ក បាន៣លីត្រ យកមកចាក់ម៉ូតូរបស់ខ្លួន ជិះទៅមុខទៀតបាត់ទៅ ។

ក្រោយមកជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឲ្យជួយឃាត់ខ្លួនយកមកប៉ុស្តិ៍ ដើម្បីធ្វើការអប់រំដោយស្នើសុំ មិនប្តឹងផ្តល់ ឬក៏ទារសំណងអ្វីនោះទេ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់