ព័ត៌មានជាតិ

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ម៉ូតូ០២គ្រឿងប៉ះទង្គិចគ្នាបណ្តាលឲ្យរងរបួសធ្ងន់០១នាក់ ស្រាល០១នាក់ ក្នុងដំណើរស្របទិសគ្នា ហេតុការណ៍នេះកើតឡើងនៅលើផ្លូវក្រាលកៅស៊ូ ចំណុចមុខផ្ទះឈ្មោះ សូ វឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃអង្គារ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង១៤និង១០នាទី បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាក​វ៉េវហ្វាល់ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឈៀង ចាន់ថន ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំមេទឹក ស្រុកបាកាន (រងរបួសបាក់ជើងខាងឆ្វេង) បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកចំពាក់កណ្តាលម៉ូតូ០១គ្រឿងយ៉ាងពេញទំហឹង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២១ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហេង គាលី ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិក្តាត ឃុំមេទឹក ស្រុកបាកាន (រងរបួសស្រាល) ។ រីឯអ្នករងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាអ្នកបើកបរម៉ូតូវ៉េវប្រើប្រាស់ល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ។

ចំពោះម៉ូតូទាំងពីរគ្រឿងខាងលើ សមត្ថកិច្ចបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក រង់ចាំការដោះស្រាយ​តាមនីតិវិធី ៕

មតិយោបល់