ព័ត៌មានជាតិ

នោះ! រកឃើញស្ថានីយ៍ចាក់ប្រេង (PTT) បូកគោ តាមបណ្តោយផ្លូវមុន្នីវង្ស ចាក់មិនគ្រប់លីត្រ អប់រំ១លើក លើកក្រោយមិនរាងបិទការ៉ាស់ចោលបញ្ជូនទៅតុលាការ

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធន: ចុះត្រួតពិនិត្យបណ្តាស្ថានីយចែកចាយប្រេងឥន្ធន: ចំនួន៤ ទីតាំង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយចែកចាយប្រេងឥន្ធន:ទាំង ០៤ ផងដែរ។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ ស្ថានីយចែកចាយប្រេងឥន្ធន: ភីធីធី (PTT) បូកគោ ស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មិនមានអនុលោមភាពផ្នែកបរិមាណ។ មន្រ្តីជំនាញបានឲ្យម្ចាស់ស្ថានីយខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមលើកទី១ តែបើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវវិធានការចំនួន ២ ដើម្បីអនុវត្ត : ភាពមិនប្រក្រតីដែលត្រូវបានរកឃើញលើកទី១ រួមមានកម្រិតលំអៀងលើបរិមាណលក់ចេញ និងកម្រិតគុណភាពអុកតាន (Octane) តម្រូវឲ្យម្ចាស់ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីឡើងវិញ។ ទន្ទឹមនេះ នឹងមានផ្សព្វផ្សាយ ឈ្មោះស្ថានីយ/ដេប៉ូប្រេងឥន្ធន:ដែលមិនប្រក្រតីនោះ តាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ។ ក្នុងករណីស្ថានីយ/ដេប៉ូដដែលមានភាពមិនប្រក្រតីជាលើកទី ២ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើសុំក្រសួង ពាណិជ្ជកម្ម ធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់