លោក Mohammad Daoud Sultanzoy គឺជាអភិបាលរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន។ ស្របពេលដែលក្រុមតាលីបង់បន្តឱ្យលោកកាន់តំណែងជាអភិបាលរដ្ឋធានីដដែលនោះ លោកក៏មានការប្រុងប្រយ័ត្នជាមួយក្រុមជីវពលនេះផងដែរ។
លោក Sultanzoy បាននិយាយកាលពីសប្ដាហ៍មុនក្នុងបទសម្ភាសន៍មួយជាមួយវីអូអេសេវាអាហ្វហ្គានីស្ថានថា៖ «ប្រសិនបើក្រុមតាលីបង់ពុំបានគិតគូរពីបំណងប្រាថ្នារបស់ប្រជាជនទេនោះ គេនឹងអាចមើលឃើញថាក្រុមតាលីបង់ជាក្រុមដែលគិតតែពីរឿងសាសនា ក្រុមជនជាតិដើម និងផលប្រយោជន៍តំបន់តែប៉ុណ្ណោះ ហើយកេរ្ដិ៍ឈ្មោះក្រុមនេះក៏នឹងខាតបង់ទៅតាមហ្នឹងដែរ»។
ជាអ្នកនយោបាយដ៏ល្បីម្នាក់ និងពុំជាប់ពាក់ព័ន្ធនឹងក្រុមតាលីបង់នោះ លោក Sultanzoy គឺជាបុគ្គលមួយរូបក្នុងចំណោមមន្រ្តីជាន់ខ្ពស់មួយចំនួនដែលក្រុមតាលីបង់ឱ្យបន្តកាន់មុខតំណែងដដែលបន្ទាប់ពីក្រុមនេះ បានគ្រប់គ្រងរដ្ឋធានីកាប៊ុលទាំងស្រុងនៅថ្ងៃទី១៥ ខែសីហា និងក៏ជាព្រឹត្តិការណ៍ដែលធ្វើឱ្យក្រុមតាលីបង់បានក្តោបក្តាប់ប្រទេសទាំងមូលផងដែរ។ អតីតថ្នាក់ដឹកនាំភាគច្រើននៃប្រទេសនេះ បានលាលែងតំណែង ឬរត់ភៀសខ្លួនទៅក្រៅប្រទេស។
លោក Sultanzoy បាននិយាយថាក្រុមតាលីបង់បានទាក់ទងមកលោកតាមរយៈទូរសព្ទក្រោយពេលដែលក្រុមនេះគេបានឈានជើងចូលរដ្ឋធានីកាប៊ុល ដែលមានប្រជាជនជិត៥លាននាក់ និងស្នើឱ្យគាត់បន្តកាន់តំណែងដដែល។
លោកបានលើកឡើងយ៉ាងដូចនេះថា៖ «ដូច្នេះ ខ្ញុំត្រូវទៅធ្វើការធម្មតា បើពុំមានការហាមប្រាមអ្វីផង ខ្ញុំនឹងបន្តធ្វើការធម្មតា។ នេះក៏ជាប្រទេសខ្ញុំដែរ។ ខ្ញុំមិនបានធ្វើការបម្រើឱ្យក្រុមឬបុគ្គលណាមួយឡើយ។ ខ្ញុំធ្វើការបម្រើប្រជាជនក្នុងរដ្ឋធានីនេះ។ ខ្ញុំមានដើមកំណើតនៅរដ្ឋធានីកាប៊ុល។ ខ្ញុំនឹងរស់នៅក្នុងរដ្ឋធានីកាប៊ុលដដែល»។
ក្នុងអាជីពជាអ្នកបើកយន្តហោះដឹកអ្នកដំណើរនិងធ្លាប់ទទួលការបណ្តុះបណ្តាលជំនាញនេះមួយរូបដែរនោះ លោក Sultanzoy ក៏ធ្លាប់បម្រើការជាសមាជិករដ្ឋសភាអាហ្វហ្គានីស្ថានពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ និងធ្លាប់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០១៤ ប៉ុន្តែពុំទទួលជ័យជម្នះឡើយ។ លោក Ashraf Ghani ដែលឈ្នះការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០១៤នោះ ក្រោយមកបានតែងតាំងលោក Sultanzoy ជាទីប្រឹក្សាកំពូលរបស់លោក មុនពេលលោកត្រូវបានផ្តល់តំណែងជាអភិបាលរដ្ឋធានីកាប៊ុល កាលពីខែមីនា ឆ្នាំ២០២០កន្លងទៅ។
ដូចអតីតសម្ព័ន្ធមិត្តក្នុងក្រុមលោក Ghani ផ្សេងៗទៀតដែរ លោក Sultanzoy ក៏ធ្លាប់បានរិះគន់លោកអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលបានរត់ភៀសខ្លួនទៅក្រៅប្រទេសដោយពុំបានផ្តល់ដំណឹងដល់សមាជិកក្នុងជួររដ្ឋាភិបាលរបស់លោកនោះឡើយ។
លោក Sultanzoy បានបញ្ជាក់ថា៖ «ក្នុងនាមជាសមាជិកក្នុងជួររដ្ឋាភិបាលមួយរូបដែរ យើងគួរតែត្រូវបានគេផ្តល់ដំណឹងដែរ។ យ៉ាងហោចណាស់ក៏យើងគួរមានការប្រជុំរួមគ្នាមួយដែរ»។
នៅក្នុងសារវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយពីប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅ ទីដែលលោក Ghani កំពុងរស់នៅ លោកបានការពារការសម្រេចចិត្តរបស់លោក ដោយបកស្រាយថា លោកត្រូវបាន«បង្ខំឲ្យចាកចេញ» ពីប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបញ្ចៀសការបង្ហូរឈាម។
លោក Sultanzoy ថ្លែងថា ខណៈពេលដែលពិភពលោកកំពុងខ្វាយខ្វល់ជម្លៀសពលរដ្ឋអាមេរិកាំង និងអាហ្វហ្គានីស្ថានរាប់ពាន់នាក់ចេញពីរដ្ឋធានីកាប៊ុល និងស្របពេលដែលប្រទេសអាហ្វហ្គានីស្ថានខ្លួនឯងពុំទាន់មានរដ្ឋាភិបាលថ្មីនៅឡើយនោះ មន្រ្តីបម្រើការនៅសាលារដ្ឋធានីកាប៊ុល បានបន្តផ្តល់សេវាចាំបាច់នានា ។
លោកបានបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃនេះនិងម្សិលមិញ យើងបានដកចេញរបាំងបិទផ្លូវ និងផ្លូវថ្មើរជើងខ្លះៗ។ នៅពេលសន្តិសុខវិលមករកភាពប្រក្រតីវិញ យើងនឹងរើរបាំងចេញទាំងស្រុងតែម្តង»។
ក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីកាប៊ុលនៅថ្ងៃអង្គារកន្លងទៅ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បាននិយាយថា រដ្ឋបាលរដ្ឋធានីក៏បានផ្តើមបន្តការងារការប្រមូលសំរាមឡើងវិញដែរ។
លោក Sultanzoy បានបន្ថែមថា៖ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាជាច្រើនផងដែរ។ ឆ្លៀតឱកាសស្ថានភាពអសន្តិសុខបែបនេះ ពលរដ្ឋមួយចំនួនបានផ្តើមសាងសង់សំណង់លំនៅដ្ឋានខុសច្បាប់នៅពេលយប់។
លោកបានបន្តថា ខណៈពេលដែលក្រុមតាលីបង់ពុំទាន់បង្កើតបានរដ្ឋាភិបាលថ្មីនៅឡើយនោះ ក្រុមនេះផ្តើមជ្រើសរើសមន្រ្តីប៉ូលិសថ្មីជំនួសមន្រ្តីរាប់ពាន់នាក់ដែលបានលាឈប់ការងារក្រោយពេលដែលក្រុមសកម្មប្រយុទ្ធនេះបានដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុល។ អ្នកនាំពាក្យក្រុមតាលីបង់លោក Mujahid បាននិយាយថាអតីតប្រធានផ្នែកប៉ូលិសចរាចរណ៍រដ្ឋធានីកាប៊ុល ត្រូវបានរក្សាឱ្យកាន់តំណែងដដែលផងដែរ។
លោក Sultanzoy បានបកស្រាយថា៖ «រដ្ឋធានីកាប៊ុលជាទីក្រុងរដ្ឋាភិបាល។ ស្ថាប័នរដ្ឋាភិបាលមួយនេះ ត្រូវតែបន្តឱ្យមានដំណើរការទៅមុខ។ ហេតុដូច្នេះហើយ បានជាខ្ញុំមិនបោះបង់ការងារខ្ញុំទេ ពីព្រោះប្រសិនបើខ្ញុំបោះបង់ វានឹងបង្ហាញពីភាពពុំទទួលខុសត្រូវរបស់ខ្ញុំ ហើយ វានឹងក្លាយជាអំពើក្បត់ជាតិមួយ»៕
ប្រភព៖ VOA
មតិយោបល់