ព័ត៌មានជាតិ

ករណីបុរសម្នាក់បើករថយន្ត ford ranger លឿនដល់ផ្លូវកោងមិនប្រយ័ត្ន ជ្រុលបុកខឿនហោះរំលងផ្លូវឡើងសួនរង្វង់មូលកងព្រហ្ម រងការខូចខាត

ភ្នំពេញៈ បុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀត បានបើករថយន្តម៉ាក ford ranger មួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោងមិនប្រយ័ត្ន បានបុកខឿនហោះរំលងផ្លូវឡើងសួនរង្វង់មូលកងព្រហ្ម ជ្រុលទៅបុកនឹងដើមត្នោតមួយដើម និងដើមផ្កាអស់មួយចំនួន បណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចំណុចរង្វង់មូលកងព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក ford ranger ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3277 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងបុរស ពីរនាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ផ្លូវកោងមិនប្រយ័ត្នក៏បានជ្រុលចង្កូតបុកខឿន ហោះរំលងផ្លូវឡើងរង្វង់មូលកង់ព្រហ្ម ជ្រុលទៅបុកនឹងដើមត្នោតមួយដើម ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតដើមត្នោតតិចតួច រួមទាំងដើមផ្កាអស់មួយចំនួន ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ ខូចខាតតែរថយន្តនិងដើមត្នោត រួមទាំងស្មៅនិងដើមផ្កាមួយចំនួនតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង បន្តដើម្បីឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីរថយន្តបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

មតិយោបល់