ព័ត៌មានជាតិ

មានករណីជនសង្ស័យម្នាក់ យកដែកលួសឆ្កឹះសោទ្វារផ្ទះពលរដ្ឋ ចូលលួចយកទ្រព្យសម្បត្តិ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានឲ្យដឹងថា ‍មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពយកដែកលួសឆ្កឹះសោទ្វារផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយចូលទៅលួចទ្រព្យសម្បត្តិមានតម្លៃ នៅចំណុចផ្ទះលេខ១០៦៥EZ2 ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប៉ុន ចាន់ណារ៉ា ភេទប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ១០៦៥EZ2 ផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ចាន់ សុភារិទ្ធ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍: កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ជនសង្ស័យឈ្មោះ ចាន់ សុភារិទ្ធ ភេទប្រុស អាយុ ២២ ឆ្នាំ បានដើរពីផ្ទះខ្លួននៅភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ មកដល់ផ្ទះលេខ១០៦៥EZ2 ឃើញទ្វារជណ្តើរក្រោយឡើងទៅលើផ្ទះមិនចាក់សោ ក៏ឡើងតាមជណ្តើរទៅលើផ្ទះ ឃើញទ្វារផ្ទះមិនកិបសោគ្រាន់តែថ្ពក់ដោះចេញ រួចចូលទៅក្នុងផ្ទះឃើញកូនជ្រូកព៌ណលឿងមួយ យកមកបោកមានលុយចំនួន៤ម៉ឺនរៀល រួចឃើញទ្វារបន្ទប់ជាប់សោ បានយកដែកលួសមកបត់ជាពីរឆ្កឹះសោ រួចចូលទៅក្នុងបន្ទប់រើកកាយគ្មានអ្វី ក៏មើលលើទូឃើញចិញ្ចៀនមួយវង់ យកមកដាក់ក្នុងហោប៉ៅខោ ហើយឃើញកូនជ្រូកមួយទៀតពណ៌បៃតងបោកបានលុយ២ម៉ឺនរៀល រួចដើរចុះតាមជណ្តើរមកក្រោមវិញ ក៏ទៅផ្សារច្បារអំពៅយកចិញ្ចៀនលក់ឲ្យជនមិនស្គាល់បានលុយ១២ម៉ឺនរៀល ហើយមកផ្ទះវិញ ។

ក្រោយកើតហេតុរួចជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចាក់អង្រែលើ ទើបសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យមើលទីតាំង និងឆែកកាមេរ៉ាអាចកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទីល្ងាចកម្លាំងសមត្ថកិច្ច បានឃើញជនសង្ស័យកំពុងធ្វើសំណង់នៅផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ក៏នាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ធ្វើការសាកសួរតែម្តង ។

សម្ភារ:បាត់បង់មាន: កូនជ្រូក០២ លុយក្នុងនោះមានលុយបីលានរៀល ខ្សែក០១ខ្សែផ្លាកទីន, ចិញ្ចៀនមាស០១វង់, នាឡិកា០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់