ភ្នំពេញៈ នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត Lexus RX350 មួយគ្រឿង រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ខ្ទាតទៅត្រូវម៉ូតូ មួយគ្រឿង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ទីតាំងត្រង់ចំណុចស្តុបទេពផន ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តម៉ាក Lexus RX350 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-9960 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ខ្ទាតទៅបុកម៉ូតូ មួយគ្រឿងម៉ាក ហុងដាស្កុពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GR-7826 បើកបរដោយបុរសម្នាក់ និងមានស្ត្រី២នាក់រួមដំណើជាមួយ មានទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យម៉ូតូរងការខូចខាត និងម្ចាស់រងរបួស ឯរថយន្តបានក្រឡាប់ផ្ងារជើង ខូចខាតយ៉ាងដំណំ ។ ភ្លាមៗនោះតៃកុងរថយន្តបានវារចេញគេចខ្លួនពីកន្លែងកើតហេតុ ។
នៅក្រោយពេលកើតហេតុ មន្រ្តីប៉ូលិសនៅក្នុងមូលដ្ឋានបានចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ៕
មតិយោបល់