បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៦ (ក្រៅទីប្រជុំជន) ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨៤-៣៨៥ ស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កដោយរថយន្ត២គ្រឿងប៉ះទង្គិចគ្នា ។
អធិការនគរបាល ស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ទោ ទេព រដ្ឋា បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះគឺរថយន្តបុកជាមួយរថយន្តក្នុងទិសដៅផ្ទុយគ្នា ។ ដំបូងមានរថយន្តមួយគ្រឿងម៉ាកHIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-2780 បើកបរដោយឈ្មោះ សើ សៀង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទ្រលោកខាងត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរ០១នាក់ឈ្មោះ សើ សៀងហួ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលបុកជាមួយរថយន្តម៉ាក HYUNDAI ពណ៌ស ខៀវក្បាល ពាក់ស្លាកលេខត្បូងឃ្មុំ 3A-4194 និងមានសណ្តោងរ៉ឺម៉កពាក់ស្លាកលេខត្បូងឃ្មុំ 4A-0135 អ្នកបើកបរ (ក្តាប់អត្តសញ្ញាណមិនបាន) ។
លោកអធិការបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់នេះបណ្តាលអោយមនុស្សស្លាប់០១នាក់ នៅកន្លែងកើតហេតុ(អ្នករួមដំណើររថយន្តHighlander) និងរបួសស្រាល០១នាក់ (អ្នកបើកបររថយន្តhighlander) ។ ក្នុងនោះរថយន្ត HIGHLANDER ខូចខាតធ្ងន់ផ្នែកខាងមុខ រថយន្តម៉ាក HYUNDAI ខូចខាតធ្ងន់ផ្នែកខាងមុខ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ រួចនាំយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់