ព័ត៌មានជាតិ

បុគ្គលិកណាហ្គាវើលដ៍ម្នាក់ចេញពីធ្វើការជិះម៉ូតូទៅផ្ទះ ត្រូវរថយន្តដឹកទំនិញបើកវ៉ារថយន្តផ្សេងទៀតមកបុកស្លាប់មុខផ្សារគគីរ

កណ្តាល: យ៉ាងហោចណាស់ មានបុគ្គលិកណាហ្គាវើលដ៍ម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពីចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះ ត្រូវរថយន្តដឹកទំនិញមួយគ្រឿង ដែលបើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀត ជ្រុកមកបុកស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រ១៩/២០ មុខផ្សារគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះឈ្មោះ ឌុច ផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកណាហ្គាវើលដ៍ ស្នាក់នៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ម្ចាស់ម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ)។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក គប់ជ្រុងសេ៧០ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1N-8298 ចេញពីធ្វើការងារដើម្បីត្រឡប់មកផ្ទះនៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរថយន្ដប្រភេទដឹកទំនិញមួយគ្រឿងម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9292 បើកក្នុងទិសដៅបញ្ច្រាសគ្នា ជ្រុលមកបុកម៉ូតូរបស់ជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូនៅកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើករថយន្ដមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ក្រោយពីបង្កហេតុ។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់