ព័ត៌មានជាតិ

កុមារីអាយុ០៦ឆ្នាំម្នាក់លង់ទឹកស្រះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី០១ ខែមករា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានទទួលព័ត៌មានថា មានករណីកុមារីម្នាក់បានលង់ទឹកស្រះស្លាប់ កើតហេតុនៅចំណុចខាងជើងផ្ទះ ក្នុងបន្ទាយកងពល l ១៤ ស្ថិតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី មានករណីកុមារីម្នាក់ បានលង់ទឹកស្រះស្លាប់ សពជនរងគ្រោះមានឈ្មោះ លុច នី ភេទស្រី អាយុ០៦ឆ្នាំ ជនជាតិខ្មែរ (នៅផ្ទះជាមួយយាយ) មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ និងម្ដាយឈ្មោះ លុច មុំ អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅខេត្តព្រះសីហនុ (មេម៉ាយ) ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ឆេង ឌី ភេទស្រី អាយុ ៥៤ ឆ្នាំ ត្រូវជាយាយដែលនៅផ្ទះមើលថែចៅបានរៀប រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី ក្រោយពីហូបបាយថ្ងៃត្រង់រួច យាយបានដាក់ចៅប្រុសមួយទៀតឱ្យដេក ហើយចៅស្រីនៅលេងក្រោមម្លប់ឈើមុខផ្ទះ ពេលនោះដែរ យាយក៏បានដេកលក់បន្តិច ពេលភ្ញាក់ឡើងក៏បានបាត់ចៅហើយក៏បានដើររកចៅស្រីឈ្មោះ លុច នី ក៏ប្រទះឃើញនៅក្នុងទឹកស្រះខាងជើងផ្ទះ ក្នុងរបងបន្ទាយកងពល l ១៤ ដែលមានចម្ងាយប្រហែល៣០ម៉ែត្រ ពេលនោះដែរយាយក៏បានស្រែកឱ្យគេជួយ ពេលនោះឈ្មោះ ស្រស់ មកដល់ក៏បានចុះស្រង់ចៅស្រីពីក្នុងទឹកស្រះ ដាក់លើគោកហើយធ្វើចលនាតាមទម្លាប់បុរាណ ប៉ុន្តែចៅស្រីបានបាត់បង់ជីវិតបាត់ទៅហើយ ។

សមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យបញ្ជាក់ថា ការស្លាប់របស់ឈ្មោះ លុច នី មិនពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ (ជាការធ្វេសប្រហែសរបស់អាណាព្យាបាល) ។ 

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕

មតិយោបល់