បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨និង៥០នាទី នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយគោយន្តកន្រ្តៃ និងម៉ូតូ បណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់ ។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងគោយន្តកន្រ្តៃ និងម៉ូតូម៉ាកវេវ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AQ-2755 ដែលបើកបរដោយឈ្មោះ ទ្រី ម៉េងឃៀង ភេទប្រុស អាយុ ១៤ ឆ្នាំ រស់នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (គ្មានមួកសុវត្ថិភាព របួសធ្ងន់ ផុងលលាដ៍ក្បាល) ទិសដៅពីកើតទៅលិច ស្របទិសគ្នា មកដល់ចំណុចកើតហេតុ ក៏បុកពីក្រោយគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ ញៀប សារ៉ុម ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (គ្មានរបួស) ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីភាគីម៉ូតូបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន គោយន្តកន្រ្តៃគ្មានភ្លើងបំភ្លឺក្រោយ ឬចំណាំងពន្លឺទើបម៉ូតូបុកពីក្រោយពេញទំហឹងតែម្តង ។
បច្ចុប្បន្ន នគរបាលជំនាញដកហូតមធ្យោបាយបង្កទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី ។ ជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ៕


មតិយោបល់