ព័ត៌មានជាតិ

ទើបតែឈ្លោះគ្នាបានបីថ្ងៃទេ បែរជាបងទៅចោលអូន ករណីបុរសម្នាក់ជិះម៉ូតូបុករថយន្តដឹកលូពីក្រោយស្លាប់មួយរំពេច ធ្វើឲ្យនារីជាសង្សារទ្រហោយំឱបសព

ភ្នំពេញ: បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ទុកឲ្យនារីជាសង្សារឲ្យរស់នៅកំព្រាម្នាក់ឯង បន្ទាប់ពីជិះម៉ូតូមួយគ្រឿងជ្រុលបុករថយន្តដឹកលូពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ ត្រង់ចំណុចមុខហាងលក់ម៉ូតូមួយកន្លែង តាមដោយផ្លូវ១៦៣ ខាងត្បូងរង្វង់មូលសំពៅមាសប្រមាណជិត ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ព្រុំ មាស ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ អ្នកលក់អនឡាញ ស្នាក់នៅផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានស្រុកកំណើត នៅឯខេត្តកំពង់ចាម។

ដំណើររឿង៖ មុនកើតហេតុគេឃើញរថយន្តដឹកលូមួយគ្រឿងម៉ាក ISUZU ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8357 ឈប់នៅចំណុចកើតហេតុខាងលើ ទិសដៅពីត្បូងជើងដោយមិនបានដាក់ភ្លើងសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវ លុះដល់ម៉ោងកើតហេតុខាងលើ មានបុរសម្នាក់ជិះម៉ូតូម៉ាក OBIX ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1GY-1232 ធ្វើដំណើរទិសដៅពីរត្បូងទៅជើង មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែករថយន្តបានបើករត់ចេញពីកន្លែងកើតហេតុប្រមាណជាង ១០០ម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងត្រួតពិនិត្យធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ខណ:នោះក៏មានបងស្រីជនគ្រោះ និងនារីម្នាក់បានមកដល់ដោយបានប្រាប់ថា ខ្លួនត្រូវជាសង្សារជនរងគ្រោះបានយំសោកឱបសព គួរឲ្យសង្វេគនិងប្រាប់ថា ទើបតែឈ្លោះគ្នាបានបីថ្ងៃទេបែរជាបងស្លាប់ចោលអូនយ៉ាងនេះ បន្ទាប់មកសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួច ប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕







មតិយោបល់