ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ក្មេងស្រីអាយុ២ឆ្នាំម្នាក់ បានធ្លាក់ពីលើម៉ូតូ PassApp មួយគ្រឿង ត្រូវរថយន្តដឹកដីបើកមកពីក្រោយកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យបែកក្បាលស្លាប់ ទីតាំងស្ថិតត្រង់ម្ដុំរង្វង់មូលកួរស្រូវ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញម៉ូតូ PassApp មួយគ្រឿង បើកបរដោយបុរសម្នាក់ជាឪពុក និងកូនតូចម្នាក់អាយុពីរខួប ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ស្រាប់តែកូនតូចនោះ បានស្រែកប្រាប់ឪពុកថាធ្លាក់កាដុងទឹក ហើយកូនតូចនោះឈោងដៃរើសក៏បណ្តាលឲ្យធ្លាក់ពីលើម៉ូតូ PassApp ស្របពេលនោះក៏មានរថយន្តបែនដឹកដីមួយគ្រឿង បើកបរមកកិនបែកក្បាលអូសប្រហែល៥ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម ។ នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនតៃកុងរថយន្តនាំយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។
ហេតុការណ៍ករណីខាងលើនោះ យោងតាមប្រភពព័ត៌មានពីឪពុកក្មេងស្រីរងគ្រោះ គាត់បាននិយាយប្រាប់ឲ្យដឹងដូច្នេះថា គាត់បានជិះ ម៉ូតូPassApp មួយគ្រឿងពីរនាក់កូនស្រី ដោយធ្វើដំណើរពីផ្លូវ៦០ម៉ែត្រ ទៅស្រុកកំណើតនៅឯភូមិត្រពាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅពាក់កណ្តាលផ្លូវ បណ្តាលឲ្យកូនស្រីគាត់អាយុ២ខួបស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ។
ប្រភពដដែលបានបន្តទៀតថា កូនស្រីគាត់ម្នាក់នេះ ដោយគាត់មានជីវភាពខ្វះខាត គាត់បានយកតាមខ្លួនតាំងពីនៅអាយុ៣ខែមកម្ល៉េះ រីឯប្រពន្ធរបស់គាត់ធ្វើការនៅរោងចក្រ ។
ចំពោះករណីខាងលើនោះ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យឪពុកម្តាយយកសពក្មេងស្រីរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
មតិយោបល់