ព័ត៌មានជាតិ

រថយន្តបែនដឹកដីបុកនិងកិនម៉ូតូពីរគ្រឿង បណ្តាលឲ្យជនរងគ្រោះ២នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង០៩និង០៨នាទីយប់ថ្ងៃ០៣ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទបែនដឹកដី មួយគ្រឿង បើកបរបុកនិងកិនម៉ូតូពីរគ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ទីតាំងស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញរថយន្តប្រភេទបែនដឹកដី មួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវ១ខ្សែ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជ្រុលបុកនិងកិនម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ ភ្លាមៗនោះជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។

នៅក្រោយពេលកើតហេតុភ្លាមៗ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ ផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ដើម្បីពិនិត្យមើល ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការរយ៉ែរថយន្តបង្កហេតុ ដើម្បីយកម៉ូតូជនរងគ្រោះចេញពីក្រោមរថយន្ត ចំណែកម៉ូតូ ១គ្រឿងទៀត បានខ្ទាតចេញឆ្ងាយពីរថយន្ត ។ ចំពោះជនរងគ្រោះទាំងពីរនាក់នោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ស្គាល់នូវអត្តសញ្ញាណនោះទេ ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារយើងខ្ញុំមិនទាន់ដឹងច្បាស់ពីដំណោះស្រាយរបស់កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាង ចរាចរណ៍មានចំណាត់ការយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕






មតិយោបល់