កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មពីរនាក់ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នាពួនស្ទាក់ចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី នៅចំណុចក្នុងការ៉ាស់ជួសជុលរថយន្ត ភូមិព្រៃផ្ចឹកទី២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉េង សុខអេន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត នៅភូមិព្រៃផ្ចឹកទី០២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យចាប់ខ្លួនបានចំនួន០២នាក់ ទី១-ឈ្មោះ តាវ វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ភាព ភក្តី ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិត ទីលំនៅភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន០២ គ្រឿង១/ ម៉ូតូម៉ាក ស៊ូហ្សូគីនិច ពណ៌ ស លាយទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ.1CL-8933 លេខតួ 304384 លេខម៉ាស៊ីន.304474 (ម៉ូតូជិះធ្វើសកម្មភាព), ២/ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CD-6603 លេខតួ 9009395 លេខម៉ាស៊ីន 9009395 បែកគ្រាប់សោ ក (យកបានមកវិញ ប្រគល់ជូនជនរងគ្រោះ)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅក្នុងការ៉ាសជួសជុលរថយន្តរបស់ខ្លួន រួចដើរទៅបត់ជើងតូចនៅក្រោយផ្ទះមួយសន្ទុះ ស្រាប់តែមានអ្នកជិតខាងស្រែកឆោឡោថាចោរកាច់សោកម៉ូតូ ស្របពេលនោះជនរងគ្រោះក៏រត់ចេញពីក្រោយផ្ទះមកទាន់ ឃើញជនសង្ស័យចំនួន០២នាក់ កំពុងធ្វើសកម្មភាពបុកបំបែកសោកម៉ូតូរបស់ខ្លួន ហើយជនសង្ស័យទាំង០២នាក់នោះបានឮជនរងគ្រោះស្រែកឆោឡោដូច្នេះ ក៏បានធ្វើសកម្មភាពជិះម៉ូតូគេចខ្លួនចេញទៅទិសខាងត្បូង ហើយត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋជិតខាងបើកម៉ូតូដេញតាមពីក្រោយ ទៅដល់ចំណុចភូមិព្រៃឈើទាល ឃុំសំរោងលើ ទើបជនសង្ស័យទុកម៉ូតូចោលរត់គេចចូលព្រៃ ។ លុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៧និង០០នាទី ទើបកម្លាំងសមត្ថកិច្ច តាមស្វែងរកឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅចំណុចក្នុងព្រៃភូមិព្រៃឈើទាល ឃុំសំរោងលើ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ខាងលើ ឲ្យដឹងថា ខ្លួនបានបបួលគ្នាជិះម៉ូតូចេញពីភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដើម្បីរកលួចម៉ូតូគេ ។ នៅពេលពួកខ្លួនជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ឃើញម៉ូតូរបស់ជនរងគ្រោះបញ្ឈរនៅខាងមុខផ្ទះ ទើបខ្លួនបានចូលទៅកាច់សោកម៉ូតូ ពេលធ្វើសកម្មភាពនោះស្រាប់តែម្ចាស់ម៉ូតូឃើញ ទើបពួកខ្លួនបានជិះម៉ូតូគេច ហើយបានគុបដែកសម្រាប់កាច់សោកម៉ូតូចូលទៅក្នុងព្រៃបាត់ទៅ។
ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញបានកសាងសំណុំរឿង អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់