បាត់ដំបង : យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានដឹងថាកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៦និង៣០នាទី តាមបណ្តោយផ្លូវជាតិលេខ១៥៧១ ត្រង់ចំណុចក្រុមទី០២ ភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងគោយន្តកន្ត្រៃបណ្តាលអោយមនុស្សម្នាក់ស្លាប់។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការងនគរបាលស្រុកបាណន់ បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងម៉ូតូ និងគោយន្តកន្ត្រៃយ៍ បើកបរស្របទិសគ្នាពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅសេរី2003 ស្លាកលេខ 1C-5260 បើកបរដោយឈ្មោះ ឃុន បូរី ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុបាន បុកគោយន្តកន្ត្រៃពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ធឿន សុភិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្រុមទី២ ភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង មិនមានរងរបួសទេ ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសារអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន និងគោយន្តគ្មានភ្លើងបំភ្លឺខាងក្រោយ បានបុកពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។បច្ចុប្បន្ននគរបាលស្រុកបាណន់បានយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចែងមានជ័យ ដើម្បីរង់ចាំជំនាញចរាចរណ៍ខេត្តដោះស្រាយតាមនីតីវិធី។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់