ព័ត៌មានជាតិ

ឃាត់ខ្លួនតាចាស់វ័យ៧៧ឆ្នាំម្នាក់បញ្ជូនទៅតុលាការពីបទរំលោភសេពសន្ធវ:លើក្មេងស្រីអាយុ១១ឆ្នាំម្នាក់នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃសៅរ៍ ៧ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ តាចាស់វ័យ៧៧ឆ្នាំម្នាក់ ត្រូវបាននគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីរំលោភ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ រស់នៅជិតខាងគ្នា នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈុំ រឿន ភេទប្រុស អាយុ៧៧ឆ្នាំ រស់នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណយកមកសួរនាំ។

តាមការបំភ្លឺរបស់ស្ត្រីម្នាក់ឈ្មោះ ឆន និញ ភេទស្រី អាយុ 51ឆ្នាំ ដែលបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ថា ៖ កាលពីវេលាម៉ោង10 និង00នាទី ក្មួយស្រីគាត់បានប្រាប់ថា តា រឿន ចាប់ចូលក្នុងព្រៃក្បែរវត្តម្កាក់ និងបានសម្រាតខោអាវចាប់រំលោភ សំណាងល្អដែលគាត់ទៅទាន់និងបានស្រែកឲ្យគេឯងជួយ និងបាននាំក្មួយទៅប្តឹងមេភូមិនិងនគរបាលឲ្យជួយអន្តរាគមន៍។

យោងការរៀបរាប់របស់កុមារីរងគ្រោះ បានបញ្ជាក់ថា ៖ កាលពីថ្ងៃទី26/01/23 វេលាម៉ោង01និង00នាទី នាងខ្ញុំបានចេញពីរៀន តា រឿន បានហៅខ្ញុំអោយឈប់ តែនាងខ្ញុំមិនឈប់។ តារឿនបានស្រែករួចរត់មកទាញខ្ញុំ បណ្ដាលអោយកង់នាងខ្ញុំដួល។បន្ទាប់មកគាត់បាននាំនាងខ្ញុំ ទៅព្រៃដុបខាងលិចវត្តម្កាក់ ថាអោយលុយនាងខ្ញុំ បន្ទាប់មក គាត់បានរុញនាងខ្ញុំអោយដួល រួចចាប់ស្រាតសំពត់នាងខ្ញុំ ហើយយកប្រដាប់ភេទរបស់គាត់មកដាក់លើ ប្រដាប់ភេទនាងខ្ញុំ ភ្លាមៗនោះត្រូវបានអ៊ុំស្រីខ្ញុំមកទាន់ ទើបគាត់ធ្វើអ្វីខ្ញុំមិនបានសម្រេច។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់