ព័ត៌មានជាតិ

ករណីបុរសម្នាក់ដុតផ្ទះខ្លួនឯងចោលសង្ស័យប្រើសារជាតិញៀនលើសកម្រិត

បន្ទាយមានជ័យ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បុរសម្នាក់បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោលត្រូវបាននគរបាលស្រុកភ្នំស្រុកចាប់ឃាត់ខ្លួន ទុកឲ្យប្រពន្ធកូនគ្មានទីជំរកស្នាក់នៅ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃច័ន្ទ ១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ បុរសដែលសង្ស័យប្រើប្រាស់សារធាតុញៀនឈ្មោះ សុ ឡាន់ (ហៅ ដេត) អាយុ៣៣ឆ្នាំ នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជននេះបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង ធ្វើអំពីឈើ០២ខ្នង ប្រកស័ង្កសី ជញ្ជាងក្តារ ដែលមានទំហំ ៧មx៩ម បណ្តាលឲ្យឆេះទាំងស្រុង រួមទាំងសម្ភារ: នៅក្នុងផ្ទះឆេះខ្ទេចខ្ទីគ្មានសល់ ។ លោកអធិការបានបញ្ជាក់ថា ៖ ក្រោយពីទទួលបានព័ត៌មានពីអគ្គីភ័យនេះ លោកបានដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គីភ័យ០១គ្រឿង ​ចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ពន្លត់ តែដោយសារផ្លូវតូចចង្អៀតរថយន្តមិនអាចចូលទៅមិនដល់ មួយវិញទៀតផ្ទះឆេះគឺនៅដាច់ស្រយាលពីអ្នកភូមិ។ជនបង្ក ក្រោយពីដុតផ្ទះខ្លួនបណ្តាលឲ្យឆេះសន្ធរសន្ធៅនោះ បាននាំកូនប្រុសទាំង០២នាក់រត់គេចខ្លួនចូលក្នុងព្រៃជាមួយ តែត្រូវបានម្លាំងនគរបាលស្រាវជ្រាវនិងឃាត់ខ្លួនបាន នៅវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ យកមកធ្វើការសួរនាំ និងធ្វើតេស្តរកសារធាតុញៀនឃើញថាវិជ្ជមាន បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី ៕

 

មតិយោបល់