ភ្នំពេញៈ កម្លាំងនគរបាលបានធ្វើការឃាត់ជនជាតិចិនប្រុសស្រី៦នាក់ រួមរថយន្តស៊េរីទំនើប២គ្រឿងសង្ស័យឆបោកប្រាក់១២ម៉ឺនដុល្លារ បន្ទាប់ពីជនរងគ្រោះឲ្យវេរលុយតាមរយៈធនាគារ។ ហេតុការណ៍បង្ក ឲ្យមានការភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហាឆ្នាំ ២០១៦ស្ថិតនៅ ផ្លូវវេងស្រេង ភូមិត្រពាំង ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ជាជនជាតិចិន ចំនួន៣នាក់ បានឲ្យជនសង្ស័យ ជាជនជាតិចិនម្នាក់ ក្នុង ចំណោមបក្ខពួក៦នាក់ ដែលរកស៊ីវេរលុយតាមធនាគារចំនួន១២ម៉ឺនដុល្លារអាមេរិកវេរពីភ្នំពេញទៅប្រទេសចិន។
តាមប្រភពព័ត៌មានពីអ្នកបកប្រែខាងជនរងគ្រោះជនជាតិចិន៣នាក់ បាននិយាយថា នៅវេលារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ មុនពេលកើតហេតុពួកគាត់បានពឹងឲ្យបុសជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ វេរលុយនៅធនាគារកាណាឌីយ៉ា ដែលមានទីតាំងនៅតាមផ្លូវវេងស្រេង ហើយជនសង្ស័យមានគ្នា៦នាក់ បានយកលុយពីគាត់ចំនួន១២ម៉ឺនដុល្លារ រួចហើយបានប្រាប់គាត់ថា លុយចំនួន១២ម៉ឺនដុល្លារពួកគេផ្ញើររួចហើយអាចបើកបាន។
ក្រោយមកទៀតខាងជនរងគ្រោះបានប្រាប់ឲ្យបងប្អូននៅប្រទេសចិនទៅបើកលុយ ក៏ប៉ុន្តែបែរជាគ្មានលុយក្នុងកុងទៅវិញ ទើបពួកគាត់ត្រឡប់មករកជនជាតិចិនទាំង៦នាក់នោះវិញ ហើយទារលុយចំនួន១២ម៉ឺនដុល្លារនោះមកវិញ តែខាងចិនវេរលុយមិនព្រមឲ្យដោយសន្យាថានិងប្រគល់លុយឲ្យវិញនៅពេលក្រោយ។
ប្រភពដដែលបន្តទៀតថា ដោយភ័យខ្លាចចាញ់បោកគេ ទើបនាំគ្នាដើររក ក៏បានជួបជនសង្ស័យខាងលើនៅក្នុងហាងចិនមួយកន្លែងនៅ មុខ ព្រលានយន្តហោះពោធិ៍ចិនតុង ដែលមានយីហោ ជែ ថៃ ទើបឃើញជនសង្ស័យទាំង៦នាក់ ក្នុងនោះស្រីម្នាក់ ហើយជនរងគ្រោះ បានទារយកលុយ១២ម៉ឺនដុល្លារមកវិញមិនបានក៏ស្ទុះទៅឆែកឆេរលើខ្លួនជនសង្ស័យរកលុយទើបខាងជនសង្ស័យស្រែកឆោរឡោឡើងថា មានគេចង់ប្លន់ទ្រព្យសម្បត្តិ ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ និងនាំខ្លួនជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍ចោមចៅ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៦នាក់រួមជាមួយរថយន្ត២គ្រឿងរយន្ត ទី១ ម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាក់ ភ្នំពេញ 2AE-5858 និងរថយន្តឡិចស៊ីស ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1969 យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសាកសួរ និងបន្តនិតិវិធី។
ក្រោយពីសាកសួរបស់កម្លាំងសមត្ថកិច្ចជំនាញរួចមកទើបដឹងថា មិនមែនជាករណីប្លន់ឡើយហើយជា ករណីរំលោភលើសេចក្តីទុកចិត្ត៕
មតិយោបល់