ព័ត៌មានជាតិ

ប្រតិភូអូឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន បានចាកចេញទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុនចូលរួមប្រកួតអូឡាំពិក២០២០

ប្រតិភូអូឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹកនេះចាកចេញទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុនចូលរួមប្រកួតអូឡាំពិក២០២០ ដែលដំណើរការពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា។

ដោយត្រូវដូរជើងយន្តហោះនៅប្រទេសសិង្ហបុរី តាមការគ្រោងទុកប្រតិភូកីឡាកម្ពុជា នឹងធ្វើដំណើរដល់ប្រទេសជប៉ុនវេលាម៉ោងជាង៩យប់(ម៉ោងនៅជប៉ុន)។ កម្ពុជាមានតែកីឡាហែលទឹក និងអត្តពលកម្មប៉ុណ្ណោះចូលរួមព្រឹត្តិការណ៍នេះ។

 

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មាន​មុន​ចាកចេញ​ពី​មាតុ​ភូមិ​ថា បេសក​កម្ម​នេះ គឺជា​មោទ​ន​ភាព​របស់​ប្រតិភូ និង​កីឡាករ​-​កី​ឡា​ការិនី ដែល​ត្រូវ​បាន​ជ្រើស​រើស​ចូល​រួម​ព្រឹត្តិ​ការណ៍​ពិ​ភព​លោក ៤​ឆ្នាំ​ម្ដង​នេះ ពិ​សេស​ឯក​ឧត្តម​បាន​ថ្លែង​អំ​ណរ​គុណ​ជា​ថ្មី ចំ​ពោះ​ឯក​ឧត្តម​បណ្ឌិត ថោង ខុន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ក៏​ដូច​ជា​ឯក​ឧត្តម អ៊ុក សិទ្ធិជាតិ ដែល​បាន​រៀប​ចំ​កម្ម​វិធី​ជួប​សំ​ណេះ​សំ​ណាល ជូន​ដំ​ណើរ និង​លើក​ទឹក​ចិត្ត​ដល់​ប្រ​តិភូ និង​អត្ត​ពលិ​ក​កម្ពុជា កាល​ពី​ម្សិល​មិញ ។
ឯកឧត្តមនាយកបេសកកម្មបានមានប្រសាសន៍ថា «អ្វី​ដែល​យើង​ទាំង​អស់​គ្នា មាន​មោទ​ន​ភាព គឺ​បេសក​កម្ម​លើក​នេះ ខុស​ពី​លើក​មុនៗ បើ​ទោះ​បី​មាន​ការ​បារម្ភ​ពី​ក្រុម​គ្រួសារ ឬ​មិត្តភ័ក្ដ្រ​ក៏​ដោយ តែ​ក្រុម​របស់​យើង នៅ​តែ​មាន​ឆន្ទៈមោះ​មុត​ក្នុង​ការ​ចូល​រួម ហើយ​ត្រូវ​តែ​ចូល​រួម​ឲ្យ​បាន ដើម្បី​តំ​ណាង​ឲ្យ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា តំ​ណាង​ទង់​ជាតិ​របស់​យើង ក្នុង​ពិធី​បើក​អូឡាំពិក ៤​ឆ្នាំ​ម្ដង ដែល​យើង​ជា​សមា​ជិក យើង​មិន​អាច​លះ​បង់​ការ​ចូលរួមរបស់យើងបានឡើយ ។
យើងដឹងហើយថា កម្ពុជាយើងបានចូលជាសមាជិ​ក​គណៈ​កម្មាធិ​ការជាតិ​អូឡាំពិកឡើងវិញ បន្ទាប់ពីថ្ងៃរំដោះ ៧មករាមក គឺនៅឆ្នាំ១៩៩៤ ហើយ​យើងបានចូលរួមការប្រកួតកីឡាអូឡាំពិក ក្រោយ​ពី​សង្គ្រាមស៊ីវិល គឺនៅឆ្នាំ១៩៩៦ ចឹងតាំងឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៩៦ ក្នុង​រង្វង់​នៃប្រទេសមានសង្គ្រាម យើងមិនបានចូលរួមទេ តែឥលូវនេះ គឺ​ប្រទេស​មានសុខសន្ដិភាពពេញលេញ ហើយ​ប្រទេស​ជាតិ​ក៏មាន​ការរីក​ចម្រើន ចឹងហើយយើងទាំងអស់គ្នា ត្រូវតែ​ថែរក្សា​ការចូលរួម​ក្នុងនាម​សមាជិក​ភាព និង​ជាកាតព្វកិច្ច​របស់​យើងឲ្យបានជារៀងរាល់ឆ្នាំ បើ​ទោះ​បីមានបញ្ហាកើតក្នុងការរៀបចំអូឡាំពិកក៏ដោយ ក៏យើង​ត្រូវតែ​ចូលរួម​ដែរ ព្រោះយើងទាំងអស់គ្នា មាន​ស្មារតី​អូឡាំពិក​នៅក្នុង​បេះដូងយើងទាំងអស់គ្នា

មតិយោបល់