ព័ត៌មានជាតិ

ករណីរថយន្តរបស់លោកមេព្រៃម្នាក់បុកម៉ូតូបណ្តាលអោយស្លាប់១នាក់និងរងរបួសធ្ងន់២នាក់ នៅក្រុងពោធិ៍សាត់

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម  យ៉ាងហោចណាស់មានជនរងគ្រោះ០១នាក់ ស្លាប់ និង០២នាក់ទៀតរងរបួសធ្ងន់ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូយូតា ហាយឡិនដឺ បុកម៉ូតូម៉ាកហុងដា ឌ្រីម កើតឡើងនៅចំណុចខាងលើអាងបង្ហារទឹករលាបប្រហែល១០ម៉ែត្រ ស្ថិតនៅភូមិនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២១នឹង ៣០នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្តម៉ាកតូយូតា ហាយឡិនដឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8135 បើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ បានបើកបរមិនប្រកាន់ស្តាំ បណ្តាលឲ្យបុកម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2IP-2818 ធ្វើដំណើរក្នុងទិសពីត្បូងទៅជើងច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរពីរនាក់ រងរបួសធ្ងន់

លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ ឲ្យដឹងថា  ក្រោយទទួលបានព័ត៌មានពីករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើ កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និងសង្គ្រោះជនរងគ្រោះ លោកអធិការរង បន្តថាមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីកត្តាបើកបរមិនប្រកាន់ស្តាំជនរងគ្រោះទាំង០៣នាក់ ទី១ឈ្មោះ សុខ មាន ភេទប្រុស អាយុ១៦ឆ្នាំ  មុខរបរសិស្ស មានទីលំនៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព  បានស្លាប់នៅនឹងកន្លែងកើតហេតុ ទី២ឈ្មោះ ហេង សុហ្វានាថ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ជាអ្នករួមដំណើរ មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់និងទី៣ឈ្មោះ ជឿន វិចិត្រ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ជាអ្នករួមដំណើរ មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ អ្នកទាំងពីរមានទីលំនៅក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបរមានឈ្មោះ ម៉ៅ ចន្ធូដារ៉ា ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរមេព្រៃ មានទីលំនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មិនមានរងរបួសទេ

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ សមត្ថកិច្ចបានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជាបណ្តោះអាសន្ន

មតិយោបល់