ព័ត៌មានជាតិ

នគរបាលស្រុកត្រាំកក់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ពាក់ព័ន្ធករណីឃាតកម្ម

ខេត្តតាកែវ : យោងតាមផេក ស្នងការដ្ឋាននគរបាលជាតិ  នៅថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩៖០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ពាក់ព័ន្ធករណីឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង២ រំលងអាធ្រាតុ នៅលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៦៧-៦៨ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាចំនួន០៥នាក់ជិះម៉ូតូ២ គ្រឿង(ម៉ាកឌ្រីមសង់សេ125.មួយគ្រឿងនិងម៉ាក អុិចសុិនទរ័មួយគ្រឿង) បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះឈ្មោះ គង់ ចម្រើន ភេទប្រុស អាយុ ២០ឆ្នាំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខណ:ដែលកំពុងបើកម៉ូតូឌុបគ្នាជាមួយឈ្មោះ គឺ ជា ភេទប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ បណ្ដាលឲ្យត្រូវមួយដុំថ្មចំទ្រូងរងរបួសធ្ងន់ដួលធ្លាក់ពីលើម៉ូតូ ត្រូវបានមិត្តភក្កិនិងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ តែជាអកុសលជនរងគ្រោះបានស្លាប់ក្រោយពីដឹកដល់មន្ទីរពេទ្យ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ  ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បញ្ជាកម្លាំងជំនាញស្នងការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋានពាក់ព័ន្ធសហការស្រាវជ្រាវ រហូតឃាត់ខ្លួន  ជនសង្ស័យ០៣នាក់ ក្នុងចំណោមបក្ខពួក០៥នាក់រួមមាន ៖ ទី១ឈ្មោះ ប្រាក់ វិដន ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ទី២ឈ្មោះគូ កក្កដា ហៅកាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ និងទី៣ឈ្មោះហុឹម ប៊ុននី ហៅនុយ ភេទប្រុសអាយុ ១៩ឆ្នាំនៅភូមិពេជ្រចង្វា ឃុំបឹងត្រាញខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកអុិចសុិនទ័រពណ៌ខ្មៅគ្មានផ្លាកលេខចំនួន 01គ្រឿង។  ចំណែកជនសង្ស័យ០២នាក់ទៀត ដែលកំពុងគេចខ្លួនរួមមាន កម្លាំងជំនាញបានកំណត់អត្តសញ្ញាណរួច មានទី១ឈ្មោះ សេង រ៉ានុត ភេទប្រុស អាយុ២៩ឆ្នាំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញខាងត្បូង ស្រុកសំរោង និងទី២ឈ្មោះ ប្រាក់ ប្រុសពៅហៅស៊ុត ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រែងខាងត្បូង ស្រុកសំរោង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ច្បាប់ និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់