ខេត្តបាត់ដំបង ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃសុក្រ ២រោច ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៥នឹង៣០នាទីព្រឹក នៅចំណុចសាលាពេទ្យផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ថាវ លក្ខិណា ភេទ ស្រី អាយុ៤១ឆ្នាំ ទីលំនៅភូមិវត្តលៀប សង្កាត់ ចំការសំរោង ក្រុង-ខេត្តបាត់ដំបង មានករណី លួចមានស្ថានទម្ងន់ទោស (ឆក់កន្ត្រកលុយ) បង្ករឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។ សម្ភារៈបាត់បង់រួមមាន ប្រាក់រៀលចំនួន ១៦០,០០០៛ (មួយសែនប្រាំមួយម៉ឺនរៀល)។
ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ប្រតិបត្តិការនេះកម្លាំងអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋានខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ឈឿន គឹមសុង នាយកការិយាល័យកំរិតស្រាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០១នឹង៣០នាទី សមត្ថកិច្ចចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់កន្ត្រកលុយ) ០១ករណី នៅចំណុចមុខផ្ទះសំណាក់យីហោ សុភ័ក្ត្រ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វេីការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មាន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន។
តាមការសួរចម្លើយរបស់ឈ្មោះ មាន សីហា កម្លាំងសមត្ថកិច្ចឈានដល់ការនាំខ្លួនជនសង្ស័យ ០២នាក់ទៀត
១.ឈ្មោះ ឆុំ ឆាយវិសុទ្ធ ហៅ វីន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្ដុលដូនទាវ ក្រុង-ខេត្តបាត់ដំបង
២.ឈ្មោះ ហ៊ុន វណ្ណារ័ត្ន ហៅ រ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុង-ខេត្តបាត់ដំបង។ វត្ថុតាងដកហូតបានរួមមាន៖
- ម៉ូតូ០២ គ្រឿងម៉ាក ហុងដាឃ្លីក (Honda Click) ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក លេខព្រះសីហនុ 1F-7600 និងម៉ូតូម៉ាក ហុងដាឌ្រីម (Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ 1U-6153 ។
នាពេលនេះ កម្លាំងការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់