ព័ត៌មានជាតិ

ករណីបុរសម្នាក់ជាប្តីចាក់សម្លាប់ប្រពន្ធបណ្តាលអោយស្លាប់ដោយសាររឿងប្រច័ណ្ឌត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បន្ទាយមានជ័យ ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅរសៀលថ្ងៃសៅរ៍ ១១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ​ស្តី្រម្នាក់ស្លាប់ក្នុងថ្លុកឈាម ក្រោយពីបុរសជាប្តីបានប្រើវត្ថុរឹងចាក់សម្លាប់ព្រោះតែជម្លោះក្នុងគ្រួសាររឿងប្តីប្រច័ណ្ឌប្រពន្ធ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង០២រសៀល ក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ ស្ត្រីរងគ្រោះ ឈ្មោះ មិយ ពឿង អាយុ៣៨ឆ្នាំ និងជនដៃដល់ជាប្តីឈ្មោះ ជា សារ៉ាន់ អាយុ៣៨ឆ្នាំ គ្រួសារនេះ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបន្តថា ៖ ប្តីប្រពន្ធ០២នាក់តែងតែមានរឿងរកាំរកុះឈ្លោះទាស់ទែងគ្នារស់នៅមិនចុះសម្រុង ព្រោះបុរសជាប្តីតែងតែមានអាការ:ប្រច័ណ្ឌនឹងប្រពន្ធ(ប្តីពីមុនតែងតែប្រើប្រាស់គ្រឿងញៀន) ។ នៅមុនពេលកើតហេតុទាំង០២នាក់ប្តីប្រពន្ធបាននាំគ្នាវិលត្រឡប់ពីធ្វើការនៅប្រទេសថៃ ដើម្បីធ្វើការលែងលះគ្នា នៅសាលាឃុំ ថ្ងៃច័ន្ទខាងមុខនេះ ឲ្យអាជ្ញាធរដឹងលឺ តែបុរសជាប្តីបាននិយាយថាលែងគ្នាបាន តែបើយកកូនទាំង០២នាក់ខ្លួនមិនព្រមលែងនោះទេ គឺគេសុខចិត្តយកកូនទាំង០២នាក់ ។ តែទោះជាយ៉ាងណាមិនទាន់បានឲ្យអាជ្ញាធរដោះស្រាយរឿងការបែងចែកកូននោះផង ស្រាប់តែបុរសជាប្តីបានយកវត្ថុរឹងចាក់ទៅលើប្រពន្ធ ត្រូវចំដើមដោះខាងស្តាំ បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកជនដៃដល់បានរត់គេចខ្លួន ។

លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា ៖ ក្រោយពីកើតមានករណីឃាតកម្មនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីចាប់ជនដៃដល់យកទៅផ្តន្ទាទោសឲ្យខាងតែបាន ។ កម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានសហការស្រាវជ្រាវនឹងឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ នៅវេលាម៉ោង០៦និង៣៥នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តកៅបី ស្ថិតក្នុងភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ជនសង្ស័យកំពុងធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី ៕

 

មតិយោបល់