ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម (លួចដែកទ្វាររបងចេតីយ៍ នៅវត្តកៀនស្វាយក្នុង…

ភ្នំពេញ៖យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ម៉ោង ១៥និង០០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម (លួចដែកទ្វាររបងចេតីយ៍ នៅវត្តកៀនស្វាយក្នុង)។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វន រ៉ាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ រីឯជនសង្ស័យមាន ១-ឈ្មោះ រួ ភារាជ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ និង២-ឈ្មោះ ឌឹម ផានិត ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ អ្នកទាំង ០២នាក់ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី ជនសង្ស័យ ០២នាក់ខាងលើ នាំគ្នាយកឈើគាស់ដែកទ្វាររបងចេតីយ៍ បាន០២ផ្ទាំងគេចខ្លួន យកទៅលក់ឲ្យគេ បានប្រាក់ ៣០,០០០រៀល ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ លុះដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ម៉ោង ១៥និង០០នាទី សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ នៅភូមិកើតហេតុ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ក្បាលកោះ សាកសួរ។ ជាលទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ គឺវិជ្ជមាន (មានសារធាតុញៀន) ៕

មតិយោបល់