ព័ត៌មានជាតិ

ករណីរថយន្តបុកបុរសម្នាក់បណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៥…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរស០១នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus.RX400 បុកម៉ូតូ WINNER ជិះឆ្លងផ្លូវ ហេតុការណ៍នេះកើតឡើងនៅចំណុច នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ ១៦៦–១៦៧ ត្រង់ចំណុចមុខការ៉ាសសាំងធ្លាម្អម ស្ថិតក្នុងភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៨និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត Lexus.RX400ពណ៌ស ពាក់ស្លាកលេខព្រះវិហារ 2C.0606 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បុកម៉ូតូម៉ាកWINNER ពណ៌ខ្មៅ.ស ពាក់ស្លាកលេខ ពោធិ៍សាត់1H.0525 ធ្វើចរាចរណ៍ជិះឆ្លងថ្នល់ពីត្បូងទៅជើងទិសដៅទៅកើត យ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានព្យាយាមបើកគេចពីកន្លែងកើតហេតុ ប្រភពបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយកត្តា រថយន្តម៉ាក Lexus.RX400 ប្រើប្រាស់ល្បឿនលឿន និងម៉ូតូ WINNER ជិះឆ្លងថ្នល់ប្រើប្រាស់ល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន តុល្យភាពនៃការខូចខាត ខូចរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ស្លាប់មនុស្ស០១នាក់ ប្រុស ។
ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ ។ លោកអធិការបានបន្តថា ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចពីកន្លែងកើតហេតុដល់ស្រុកបាកាន ទើបសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកបាកានឃាត់រថយន្តបាន រួចបញ្ជូនរថយន្តនោះ ឲ្យទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នវត្ថុតាងម៉ូតូ០១ គ្រឿងយើងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកន្ទួត ជាបណ្តោះអាសន្ន ចំពោះករណីរឿងនេះត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាត់ការតាមនីតិវិធី រីឯសពជនរងគ្រោះកម្លាំងនគរបាលបានធ្វើកំណត់ហេតុប្រគល់.ទទួលសពឲ្យទៅបងប្អូនដឹកតាមគោយន្តកន្រ្ដៃយកទៅផ្ទះនៅឃុំត្នោតជុំ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់