ព័ត៌មានជាតិ

ឡានកាម៉ាស បើកគេចពីអ្នកជិះម៉ូតូ ជ្រុលបុករបងការិយាល័យ តំណាងរាស្ត្រ បាក់ខ្ចេច

កំពង់ឆ្នាំង: ស្រី្តម្នាក់ និងកូនតូចម្នាក់ បានរួចផុតពីសេចក្តីស្លាប់ ខណ:នាង បានជិះម៉ូតូបញ្ច្រាសទិស ដល់ផ្លូវបែកជា៥ ត្រូវឡានកាម៉ាស មួយគ្រឿងគេចពីម៉ូតូទៅបុករបងការិយាល័យ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង រលំបាក់ខ្ចេច ។

ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង៨និង២៥នាទី ព្រឹកថ្ងៃទីទី២៧ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ ចំណុចផ្លូវបែកជា៥ មុខសាលាខេត្តកំពង់ឆ្នាំង ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

បើតាមនគរបាលចរាចរណ៍ ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ស្ត្រី និងកូនតូច មានឈ្មោះ ស្រី ចេ អាយុ៣៨ឆ្នាំ និងកូនប្រុសអាយុ១ឆ្នាំ រស់នៅភូមិ អណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ជិះម៉ូតូម៉ាក Lets ពណ៌ ក្រហមពាក់ស្លាកលេខ កំពង់ស្ពឺ 1A- 4095 ពីកើតទៅលិចដែល ជាផ្លូវបញ្ច្រាស ដែលច្បាប់ហាមឃាត់។ លុះមកដល់ចំណុចកើតហេតុ ក៏មាន រថយន្តម៉ាក កាម៉ាស១គ្រឿង ពាក់ស្លាកលេខ ស្វាយរៀង 3A- 0841 បានបើកបរមកពីលិចទៅកើត បានបើកគេពីម៉ូតូនាងទៅបុករបងការិយាល័យ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រលំដួលខ្ទេច ។ ចំណែកស្ត្រីជាអ្នកបើកម៉ូតូបានដួលរបួសស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានអូសយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅ ក្នុងអធិការនគរបាល ក្រុងកំពង់ឆ្នាំង ដើម្បីឲ្យភាគីទាំង៣ សម្របសម្រួលគ្នា ធ្វើការជួសជុលរបងការិយាល័យ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំងវិញ ដែលមានទំហំខូចខាត ប្រមាណពី ៨០០ទៅ១០០០ដុល្លារ ។

ករណីគ្រោះថ្នាក់នេះ ប្រជាពលរដ្ឋជាច្រើននៅកន្លែងកើតហេតុ បាននិយាយថា អ្នកបង្កគ្រោះថ្នាក់គឺស្ត្រីជាអ្នកបើកបរម៉ូតូ ព្រោះថា ផ្លូវពីបេនឡាន ផ្សារលើ មកកាន់សាលាខេត្តកំពង់ឆ្នាំង ជាផ្លូវបញ្ច្រាស ដែលគេដាក់ផ្លាកសញ្ញាចរាចរណ៍ហាមមិនឲ្យបត់ បើរថយន្តកាម៉ាស មិនគេចមកបុកទេ នោះ គឺត្រូវបុកម៉ូតូស្រី្ត ខាងលើស្លាប់ទាំងម្តាយទាំងកូនតែម្តង ។ ករណីគ្រោះថ្នាក់ខាងលើនេះ បើតាមច្បាប់ គឺស្ត្រីខាងលើ ត្រូវតែចេញសងថ្លៃ ខូចខាតទាំងអស់ ទាំងរបងនិងរថយន្តរបស់គេ ៕

ឡាន​កា​ម៉ាស​​ បើក​គេច​ពី​​អ្នក​ជិះ​​ម៉ូតូ​​ (5)

ឡាន​កា​ម៉ាស​​ បើក​គេច​ពី​​អ្នក​ជិះ​​ម៉ូតូ​​ (4)

ឡាន​កា​ម៉ាស​​ បើក​គេច​ពី​​អ្នក​ជិះ​​ម៉ូតូ​​ (3)

ឡាន​កា​ម៉ាស​​ បើក​គេច​ពី​​អ្នក​ជិះ​​ម៉ូតូ​​ (2)

ឡាន​កា​ម៉ាស​​ បើក​គេច​ពី​​អ្នក​ជិះ​​ម៉ូតូ​​ (1)

មតិយោបល់