ព័ត៌មានជាតិ

ក្រសួងកសិកម្មចុះចែកពូជស្រូវផ្ការំដួលដល់កសិករខេត្តកំពង់ឆ្នាំង

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចុះចែកស្រូវពូជផ្ការំដួលជូនប្រជាកសិករចំនួន៣៣២ គ្រួសារដែលមកពីស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ថ្លែងទៅកាន់ប្រជាកសិករនៅទីនោះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលបំណងនៃការចែកស្រូវពូជផ្ការំដួលជូនកសិករ គឺដើម្បីចែករំលែកជួយដល់កសិករ និងសំខាន់ គឺចង់ឲ្យកសិករយើងមានពូជសុទ្ធល្អ មានគុណភាពខ្ពស់ និងស្របតាមតម្រូវការទីផ្សារ ហើយនិងប្រកបដោយផលិតភាពខ្ពស់។ ការដាំដុះពូជសុទ្ធប្រភេទផ្ការំដួលដែលចែកជូននាពេលនេះ គឺនឹងរួមចំណែកដល់ការអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវ និងនាំចេញអង្កររបស់រាជរដ្ឋាភិបាលពោលគឺបង្កើនការផលិត និងនាំចេញអង្ករ ស្របតាមតម្រូវការទីផ្សារពិភពលោក។

ក្នុងឱកាសនោះលោក រដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីការគិតគូររបស់ក្រសួងក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្រ្ត ក្នុងន័យធានាបាននូវលទ្ធភាពទឹកស្រោចស្រពប្រកបដោយនិរន្តរភាពសម្រាប់បំពេញតម្រូវការផលិតកម្មកសិកម្ម។

បន្ទាប់ពីកម្មវិធីសំណេះសំណាល និងចែកស្រូវពូជរួចមក ក្រប្រុមគណះប្រតិភូនិងសហការីបានបន្តដំណើរជួបជាមួយកសិករឈ្មោះ វួន អ៊ុល ប្រកបរបរធ្វើស្រែ និងចិញ្ចឹមសត្វនៅភូមិស្រែព្រិច ឃុំទឹកផុស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាគ្រួសារកសិករមួយនេះ ធ្វើស្រែលើដី ២ហិកតា និងចិញ្ចឹមគោ២ក្បាល ដើម្បីចិញ្ចឹមជីវិត។

ពួកគាត់សង្ឃឹមថាប្រសិនបើមានប្រភទឹកគ្រប់គ្រាន់ ទាំងប្រាំង និងវស្សានោះជីវភាពនឹងកាន់តែល្អប្រសើរ។

នៅថ្ងៃដដែលនេះ លោករដ្ឋមន្ត្រី និងសហការីក៏បានបន្តដំណើរជួបសំណេះសំណាល និងចែកពូជស្រូវផ្ការំដួលជូនប្រជាកសិករចំនួន ១១២គ្រួសារ ស្ថិតនៅ ភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកក៏បានគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ចសង្គមកម្ពុជាកំពុងមានការឈានឡើងជាបន្តបន្ទាប់ ជាក់ស្តែងប្រជាពលរដ្ឋ បានកែប្រែពីការធ្វើស្រែដោយកម្លាំងពលកម្ម មកប្រើប្រាស់គ្រឿងយន្តប្រមាណ៨០ ទៅ៩០ ភាគរយនេះបើតាមសេចក្តីរាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។

ការវិវត្តន៍ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងសនេះសបញ្ជាក់ពីការរីកចម្រើនទាំងជីវភាព និងចំណេះដឹងក្នុងការប្រកបរបរកសិកម្ម។

ទន្ទឹមនឹងនេះ លោក វេង សាខុន បានបញ្ជាក់ផងដែរថា ការចែកស្រូវពូជនៅពេលនេះ គឺជាចូលរួមចំណែករបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់សកម្មភាពបង្កបង្កើនផលរបស់កសិករ ដោយឡែកកត្តាសំខាន់ដែលជួយជំរុញជីវភាពរបស់កសិករពិតប្រាកដ គឺកើតចេញពីការខិតខំប្រឹងប្រែងច្នៃប្រឌិត និងអភិវឌ្ឍន៍ដោយខ្លួនឯងទើបជាការប្រសើរ៕

មតិយោបល់