ព័ត៌មានជាតិ

ប្តីបានដឹកប្រពន្ធនិងកូនយកគោយន្តទៅលាងពេលមេឃកំពុងភ្លៀងស្រាប់តែរន្ទះបាញ់បណ្តាលអោយស្លាប់ប្រពន្ធកូនរងរបួសធ្ងន់…

បន្ទាយមានជ័យ:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថាស្ត្រី០១នាក់ បានបាត់បង់ជីវិត និងក្មេងប្រុស ស្រី០២នាក់រងរបួសធ្ង់ដោយសាររន្ទះបាញ់ ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃពុធ ៤ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្រះ អ៊ុំ មាំង ស្ថិតក្នុងភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍ណាំតៅ បានឲ្យដឹងថា ៖ ជនរងគ្រោះដែលស្លាប់ ឈ្មោះ ឡាច សាម៉ន ភេទស្រី អាយុ២៦ ឆ្នាំ និងកូនប្រុស ស្រី ០២នាក់ ០១នាក់អាយុ០៩ឆ្នាំនិង០១នាក់ទៀតអាយុ០៤ឆ្នាំរងរបួសធ្ងន់ ជនរងគ្រោះទាំង០៣នាក់ រស់នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា ៖ តាមការបំភ្លឺរបស់ ឈ្មោះ ប៉ិន ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តីថា នៅមុនពេលកើតហេតុ ខ្លួនបានដឹកប្រពន្ធនិងកូន បើកគោយន្តកន្ត្រៃទៅលាង នៅចំណុច ស្រះ អ៊ុំ មាំង ពេលកំពុងលាង មានភ្លៀងធ្លាក់ ឡាយលំជាមួយផ្គររន្ទះ តែជាអកុសល ពេលនោះប្រពន្ធរបស់ខ្លួនត្រូវរន្ទះបាញ់ស្លាប់ ចំណែកកូន០២នាក់ រងរបួសធ្ងន់ ចំណែកខ្លួនជាប្តី គ្រាន់តែសន្លប់ ក្រោយពេលដឹងខ្លួន បានដឹកសពប្រពន្ធនិងកូនដែលរងរបួសយកមកផ្ទះ ហើយត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ដោយសភាពជំងឺធ្ងន់ធ្ងរកូនទាំង០២នាក់ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប ៕

មតិយោបល់