បាត់ដំបង:កាលពីថ្ងៃអង្គារ១០កើតខែបឋមាសាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៣វេលាម៉ោង១៣និង៥៧នាទីសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានទទួលព័ត៌មានអំពីជនរងគ្រោះទាក់ទងនឹងករណីចោរកម្មលួចគោមួយក្បាលបានកើតឡើងនៅភូមិតាពូងត្បូងឃុំតាពូងស្រុកថ្មគោលខេត្តបាត់ដំបង ខណៈដែលសមត្ថកិច្ចទទួលព័ត៌មានពីមហាជន ថាមានមនុស្សកំពុងដឹកគោ មួយក្បាលដើររកអ្នកទិញក្នុមូលដ្ឋានស្រុកថ្មគោល។ទទួលបានព័ត៌មាននេះ និងស្របពេលដែលលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល រាយការណ៍ចំពោះអង្គហេតុនេះ ជូនលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ សមត្ថកិច្ច នគរបាលស្រុកថ្មគោល បានចេញប្រតិបត្តិការដោយធ្វើការឃាត់ខ្លួនជនសង័្សយជាមុខសញ្ញាលួចគោចំនួន ០១នាក់ ក្នុងមូលដ្ឋានឃុំតាពូង ស្រុកថ្មគោលដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ រួមទាំងសត្វគោមួយក្បាលផង។នៅកន្លែងសមត្ថកិច្ចនគរបាលស្រុក ជនសង័្សយឈ្មោះ ប៊ូណា បូរី ភេទប្រុសអាយុ—–ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចគោរបស់អ្នក ភូមិនាថ្ងៃខែឆ្នាំខាងលើនៅចំណុចប្រឡាយបឹងម៉ាំ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ហើយដើរស្វែងរកអ្នកទិញ ដែលគោនេះគឺជារបស់ជនរងគ្រោះឈ្មោះ ហាច តាំង ភេទ ប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាង លើ។បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ ហើយរីឯសត្វគោសមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕
ព័ត៌មានជាតិ
មតិយោបល់