ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូរុឺម៉កបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួស៤នាក់ នៅក្រុងសៀមរាប…

សៀមរាប:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូសណ្តោងរុឺម៉ក បណ្តាលឲ្យមនុស្ស ១នាក់ស្លាប់ និងអ្នករួមដំណើរ ៤នាក់ទៀតរងបួស ត្រង់ចំណុចផ្លូវបំបែកជាបួនបាក់ខែងចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-2324 អ្នកបេីកបរ (គេចខ្លួន មិនស្គាល់អត្តសញ្ញាណ) បើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុខាងលើក៏បាន បុកជាមួយនិងម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1D-4308 បើកបរដោយឈ្មោះ ធិ សក្តិវ័ន្ត ភេទប្រុស (ស្លាប់) មានទីលំនៅភូមិប្រិយ៍ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច ដែលមានអ្នករួមដំណើរជាមួយចំនួន ៤នាក់ ស្រី ២នាក់ (រងរបួសស្រាល)។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ហើយជួយសង្រ្គោះជនរងគ្រោះយកទៅមន្ទីរពេទ្យ ធ្វើការវាស់វែង ប្រមូលវត្ថុតាង និងធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តខាងលើបើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ចំណែកវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប ធ្វើការស្រាវជ្រាវ ស្វែងរកជនបង្ក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់