ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្ស២នាក់ រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកតូយូតាព្រុស បានបុកជាមួយនឹងម៉ូតូធំម៉ាក CBR ត្រង់ចំណុចផ្លូវបំបែកជាបួនរួចក៏រ៉េចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី នៅចំណុចផ្លូវ១៨០០ កែងនិងផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌទួលឫស្សីកែវ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកព្រុស ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ2U-8609។ ចំណែកម៉ូតូរងគ្រោះម៉ាក CBR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CZ-5034។
តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូជិះគ្នា២នាក់ តាមបណ្តោយផ្លូវ១៨០០ ក្នុងទិសដៅពីកើតទៅលិច ឆ្លងផ្លូវ៥៩៨។ រីឯរថយន្តបង្កបើកតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈម៉ូតូកំពុងជិះឆ្លងផ្លូវរថយន្តជាន់ហ្វ្រាំងមិនទាន់ បណ្តាលឲ្យបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យប៉ើងជាង៣០ម៉ែត្រ និងមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែករថយន្តបង្កវិញបានរ៉េចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យវៀចចេញក្រៅ១កង់ និងរួញក្បាលរថយន្តកំណាត់ខាងមុខ រួចអ្នកបើកបរប្រញាប់ប្រមូលអីវ៉ាន់ក្នុងរថយន្តរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនឹងកន្លែង។
ក្រោយកើតហេតុរថយន្តនិងម៉ូតូ ត្រូវបាននគរបាលជំនាញចរាចរណ៍ក្រុង វាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយតាមផ្លូវវច្បាប់បន្តទៀត៕
មតិយោបល់