ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូប នៅខេត្តកំពង់ចាម…

កំពង់ចាម:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក​ឧត្តមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ កម្លាំង​ជំនាញ​របស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ​ បើកកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពឆក់កាបូក​ចំនួន០៥នាក់

កាលពីនៅថ្ងៃទី០៩ ខែកក្កដា​ ឆ្នាំ២០២៣នេះ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់) ចំនួន០២ករណី​ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A នៅក្នុងភូមិស្លែង​ ឃុំជ្រៃវៀន ១ករណី​ និង​ក្នុង​ភូមិតាកុច ឃុំស្រង៉ែ​ ០១ករណី​ទៀត ស្ថិត​ក្នុង​ភូមិសាស្រ្តស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្រោយពេលកេីតហេតុ និងទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ បើកកិច្ចប្រតិបត្តិ​ការស្រាវជ្រាវ​បន្ទាន់​ រហូត​មានការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពបានចំនួន០២នាក់ រួមទាំងវត្ថុតាង​÷
១-ឈ្មោះ រ៉េត សារីម ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ បច្ចប្បន្នស្នាក់នៅភូមិអូឌឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ អាត សំអន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ផ្អែកតាមការសាកសួរបំភ្លឺពីជនសង្ស័យទាំងពីរខាងលេី នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបន្ដ​នីតិវិធីចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់ ផ្សេងទៀត​ រួមទាំងវត្ថុតាង​÷
១-ឈ្មោះ ពឿន ពុទ្ធី ហៅ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអូដឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២-ឈ្មោះ វីរ: វិទូ ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
៣-ឈ្មោះ រី ឧត្តម ហៅ រ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ ស្នាក់នៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​បច្ចុប្បន្នជនសង្ស័យ​ទាំង០៥នាក់ រួមនឹងវត្ថុតាង​ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជា​របស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

មតិយោបល់