ព័ត៌មានជាតិ

ដោយសារគំនុំមានទំនាស់ជនសង្ស័យជិះម៉ូតូដេញតាមកាប់ជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

សៀមរាប:នៅថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ។
តាមរយៈការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ព្រមទាំងដឹកនាំជំនាញដោយលោកវរសេនីយ៍ឯក នួន សក្ដិចំរើនឫទ្ធិ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង បានចុះពិនិត្យស្រាវជ្រាវរហូតទទួលជោគជ័យបំបែកករណី “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ (កាប់នឹងកាំបិតបុ័ងតោ) “ ជិះម៉ូតូដេញតាមកាប់ជនរងគ្រោះចំកញ្ចឹងករបួសធ្ងន់ ដោយសារគំនុំ ធ្លាប់មានទំនាស់ជាមួយជនរងគ្រោះកន្លងមក ។

*ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ :
១.ឈ្មោះ ឆេង កក្កដា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ ។
២.ឈ្មោះ សុះ សំអាន (ហៅ អ៊ីត) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ។

*កើតហេតុនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២១:៣០នាទី នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

*ជនរងគ្រោះឈ្មោះ អ៊ួក ភាន់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ ។

ករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុដកហូតសម្ភារវត្ថុតាង (ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ចំនួន ០១គ្រឿង និង កាបិតបុ័ងតោចំនួន ០១ ប្រវែង ៣២សម) ហើយរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕

មតិយោបល់