ព័ត៌មានជាតិ

ខឹងសុំផ្លែឪឡឹកហូបមិនឲ្យបុរសម្នាក់បានយកដំបងវាយទៅលើលោកតាវ័យ៨១ឆ្នាំបណ្តាលឲ្យស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បន្ទាយមានជ័យ:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ខឹងនិងសុំផ្លែឪឡឹកហូបមិនឲ្យបុរសម្នាក់បានយកដំបងវាយទៅលើលោកតាវ័យ៨១ឆ្នាំបណ្តាលឲ្យស្លាប់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាម ស្រុកស្វាយចេកចាប់ឃាត់ខ្លួន ។ហឹង្សាដោយចេតនានេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃអង្គារ ៨ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ព្រឿង ព្រឿយ ភេទប្រុស អាយុ៨១ឆ្នាំ រស់នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជយ័ ។ ចំណែកជនសង្ស័យ ឈ្មោះ សូ ឡិ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបន្តថា ៖ នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះ ហើយបានឃើញផ្លែឪឡឹក មួយចំហៀង ក៏សុំជនរងគ្រោះហូប តែជនរងគ្រោះមិនឲ្យថាទុកឲ្យចៅគាត់ហូប ស្របពេលនោះជនសង្ស័យបានខឹងក៏ទាញដំបងឈើវាយទៅលើជនរងគ្រោះត្រូវចំឆ្អឹងជំនីខាងឆ្វេងមួយកន្លែងនិងកែងដៃស្តាំមួយកន្លែង បណ្តាលឲ្យស្លាប់តែម្តង ។
លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា ៖ ក្រោយកើតហេតុ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម កើត សុវណ្ណារេត ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យត្រូវបានម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាមនៃអធិការដ្ឋាននគរបាលស្រុក ចាប់ឃាត់ខ្លួន បញ្ជូនខ្លួនទៅអធអិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត អនុវត្តនិតិវិធីបន្ត ៕

មតិយោបល់