ព័ត៌មានជាតិ

គាស់បង្អួចសាលារៀនចូលលួចកំព្យូទ័រ ត្រូវបានកម្លាំងនគរបាលស្រុកពារាំង ចាប់ឃាត់ខ្លួនបានហើយ…

ព្រៃវែង:ជនសង្ស័យ ៤នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពារាំង ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចូលគាស់ទ្វារបង្អួចសាលាបឋមសិក្សាបន្ទាយទឹក ចំនួន ២លើក និងបានលួចយក កំព្យូទ័រ លុយ និងប៊ិកចំនួន ៣០ដើម ។

ការចុះស្រាវជ្រាវ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដោយជនសង្ស័យទី១ មានឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង (ជនដៃដល់ចូលលួច), ទី២ ឈ្មោះ មន តូធីតា ភេទប្រុស ១២ឆ្នាំ (សំគំនិត), ទី៣ ឈ្មោះ យឿន ជីវុន ភេទប្រុស អាយុ ១២ឆ្នាំ (សំគំនិត) និងទី៤ ឈ្មោះ ចំរើន វឌ្ឍនា ភេទប្រុស ១៣ឆ្នាំ (សំគំនិត) ។ រីឯជនរងគ្រោះមានឈ្មោះ ខាន់ សាមឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ទីលំនៅភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា នៅថ្ងៃមិនចាំ ក្នុងខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ មឿន បញ្ញា និងឈ្មោះ ចំរើន វឌ្ឍនា បានយកកាំបិតខ្វេវទៅគាស់ទ្វារបង្អួចទីចាត់ការសាលាបឋមសិក្សាបន្ទាយទឹកយកលុយចំនួន ១៣០.០០០៛ (ដប់បីម៉ឺនរៀល) ។ បន្ទាប់មក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ៣៥នាទី
ជនសង្ស័យឈ្មោះ ចំរើន វឌ្ឍនា និងឈ្មោះ មឿន បញ្ញា បាននាំឈ្មោះ មន តូធីតា និងឈ្មោះ យឿន ជីវុន ទៅសាលាបឋមសិក្សាបន្ទាយទឹកដដែល ស្ថិតនៅភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានយកដែកទូរណឺវីសទៅគាស់ទ្វារទីចាត់ការចូលយក កុំព្យូរទ័រចំនួន ១គ្រឿង និងប៊ិក ៣០ដើម ទៅលាក់ទុកក្នុងវត្តបន្ទាយទឹក ។ លុះដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានយកចេញពីវត្តទៅបាត់ ។

ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ចំ បានសហការជាមួយនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពារាំង ចុះស្រាវជ្រាវរកឃើញជនសង្ស័យចំនួន ០៤នាក់ មានឈ្មោះខាងលើ យកមកសាកសួរបំភ្លឺ ហើយជនសង្ស័យ បានឆ្លើយសារភាពថា ពួករូបខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បីបន្តនីតិវិធី ៕

មតិយោបល់