ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ល្បែងប្រជាប្រិយនៅតំបន់ប្រាសាទឯកភ្នំ គឺមានខ្លាឃ្លោកចំនួន៧វង់

(បាត់ដំបង)៖ ស្រុកឯកភ្នំ ក្រោយពេលលោកអភិបាលស្រុកឯកភ្នំថ្មី ទើបបានឡើងកាន់តំណែងរួចមក គេសង្កេតឃើញថា បុណ្យប្រពៃណីចូលឆ្នាំ ដែលកន្លងទៅថ្មីៗនេះ ក្នុងតំបន់ប្រាសាទឯកភ្នំបែរជាមានសភាពក្រៀមក្រោះ និងមិនសូវមានមនុស្សម្នា ទៅកំសាន្តនៅទីនោះឡើយ ដោយសារតែគ្មានការរៀបចំអ្វីបន្តិចទាល់តែសោះពីសំណាក់ អាជ្ញាធរនៅក្នុងតំបន់នោះ ផ្ទុយទៅវិញវាមានតែល្បែងខ្លាឃ្លោកជាច្រើនវង់ទៅវិញ ដោយដោយគ្មានខ្លាចអ្វីបន្តិចទាល់តែសោះតាំងពីជាប់កំផែងប្រាសាទ រហូតដល់ខាងលើតួប្រាសាទ សរុបមានចំនួន៧វង់ ។ កន្លងមកគេសង្កេត ឃើញថា ប្រាសាទឯកភ្នំមានមនុស្សម្នាចេញចូលលេងមិនសូវដាច់ឡើយ នៅថ្ងៃបុណ្យទានម្តងៗ ដែលរហូតធ្វើឲ្យមានការកកស្ទះចរាចរណ៍ថែមទៀតផង។ ដោយសារតែអាជ្ញាធរបានសហការជាមួយនឹងគណៈកម្មការ ដើម្បីបង្កើតនិងរៀបចំជាល្បែងប្រពៃណី ឡើងឲ្យប្រជាពលរដ្ឋ ពិសេសភ្ញៀវដែលធ្វើដំណើរទៅកំសាន្តនៅទីនោះ បានចូលរួមកំសាន្តសប្បាយផងដែរ ។

ដោយឡែកបុណ្យប្រពៃណីឆ្នាំនេះ គឺក្នុងតំបន់ប្រសាទឯកភ្នំមានសភាពស្ងប់ស្ងាត់ខុសពី ធម្មតា សូម្បីតែទង់ជាតិ និងទង់ជ្វាលាក៏គេសឹងតែមិនចង់បង្ហូតឡើងផង និយាយឲ្យចំ គឺចាប់តាំងពីលោក ឡុង សុភឺន ឡើងកាន់តំណែងជាអភិបាលស្រុករួចមក គេមិនដឹងថា ការឡើងកាន់តំណែងនេះក្នុងគោលបំណងជួយអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចំរើន ឬក៏ដើម្បីផលប្រយោជន៍អ្វីម្យ៉ាងនោះឡើងបានជាថ្ងៃបុណ្យទានដែលជាថ្ងៃបុណ្យប្រពៃណីជាតិ បែរជាលោកអភិបាលស្រុកចេញទៅទស្សនានៅឯខេត្តសៀមរាប ទៅវិញ ដែលគ្មាន គំនិតគិតគូរអំពីតំបន់ប្រាសាទបុរាណនៅក្នុងមូលដ្ឋានរបស់ខ្លួនទាល់តែសោះ ។

ស្របពេលដែលតំបន់នេះកំពុងតែមានសភាពក្រៀមក្រោះនោះ បែរជាក្រុមឱកាសនិយម មួយចំនួនបាននាំគ្នាបើកជាវង់ល្បែងខ្លាឃ្លោកជាច្រើនវង់ នៅតាមជើងកំផែងប្រាសាទ និងនៅលើតួរប្រាសាទតែម្តង ដោយពួកគេ បាននិយាយថា គេអាចលែងបានព្រោះពួកគេ បានបង់លុយទៅឲ្យលោកប៉ូលិសរួចហើយ ។ បញ្ហានេះ គឺវាមិនសមភ្នែកទាល់តែសោះ ប្រសិនបើភ្ញៀវទេសចរណ៍អន្តរជាតិដើរទៅឃើញ ។

ទោះជាយ៉ាងនេះក្តី ក៏លោកអភិបាលស្រុកមិនឈឺក្បាលនោះដែរ ព្រោះលោកអត់ បានដឹងដោយសារតែលោករវល់ខ្លាំងពេកនៅឯខេត្តសៀមរាបឯណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះ គួរតែលោកអភិបាលស្រុក ឡុង សុភឺន ពិចារណាឡើងវិញកុំឲ្យមានរឿងអាស្រូវកើតឡើង ខណៈដែលរូបលោកទើបនឹងឡើងកាន់តំណែងថ្មី បើមិនដូច្នេះទេ តទៅមុខ ប្រាកដជាគ្មានប្រជាពលរដ្ឋណាម្នាក់ គេគោរពឡើយ ដោយសារតែលោកគឺជាមនុស្សគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ ៕

photo_2016-04-18_14-16-53 photo_2016-04-18_14-17-07 photo_2016-04-18_14-17-16 photo_2016-04-18_14-17-23 photo_2016-04-18_14-17-31 photo_2016-04-18_14-17-40 photo_2016-04-18_14-17-46

មតិយោបល់