ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់១នាក់និងរងរបួសធ្ងន់៣នាក់ នៅស្រុកកំរៀង…

បាត់ដំបង:ប្រភពយោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថានៅថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨និង២០នាទី នៅចំណុចលើផ្លូវជាតិលេខ៥៩គីឡូតិ៍លេខ១០៧-១០៨ ក្រុមទី៤ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូបណ្តាលអោយមនុស្ស ០៣នាក់ របួសធ្ងន់ និងស្លាប់ម្នាក់។
លោកវរសេនីយ៍ទោ ស្រី វុឌ្ឍី អធិការនគរបាលស្រុកកំរៀងស្ដីទី បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូ ១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ក្រហម ពាក់ផ្លាកលេខ 1V-4291 បាត់ដំបង អ្នកបើកបរឈ្មោះ សាល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (របួសធ្ងន់) បើកក្នុងទិសដៅបញ្រ្ចស់ទិសគ្នា ពីខាងកើតទៅទិសខាងលិច មកដល់ចំនុចកើតហេតុ បានបុកនឹងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ សេរីឆ្នាំ2016 គ្មានផ្លាកលេខអ្នកបើកបរឈ្មោះ ខាត់ ប្រនិត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើឈ្មោះ មាស សុវណ្ណដេត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (របួសធ្ងន់) អ្នករួមដំណើមួយទៀតមិនស្គាល់ឈ្មោះ (របួសធ្ងន់)។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសារម៉ូតូហុងដាឌ្រីមមិនប្រកាន់ស្តាំ ទើបបណ្តាលអោយបុកចំពីមុខពេញមួយទំហឹងតែម្ដង។ បច្ចុប្បន្ន នគរបាលស្រុកកំរៀងបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតីវិធី។ ជនរងគ្រោះដែលរបួសធ្ងន់ បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯសាកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់