ព័ត៌មានជាតិ

ចង្អុលបក់ដៃស្រែកជេ និងលើកម្រាមដៃកណ្ដាលឌឺដងដាក់នគរបាល ខណៈនគរបាលកំពុងចុះល្បាតចល័ត និងឆែកឃើញមានដាក់ពូថៅក្នុងកែបម៉ូតូ ត្រូវនគរបាលឃាត់ខ្លួន…

ខេត្តព្រៃវែង:ក្មេងទំនើងមួយក្រុម ស្រែកជេប្រមាថ និងលើកម្រាមដៃកណ្ដាលឌឺដងដាក់នគរបាល ខណ:នគរបាលកំពុងចុះល្បាតចល័ត និងពិនិត្យធ្វើរដ្ឋបាលចំហ ពេលនោះកម្លាំងនគរបាលក៏បានចុះទៅសួរនាំ ស្រាប់តែក្មេងទំនើងទាំងនោះនាំគ្នារត់គេចខ្លួន កម្លាំងនគរបាលក៏បានតាមចាប់ខ្លួនបានម្នាក់ និងធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញមានពូថៅក្នុងកែបម៉ូតូ ។

ការឃាត់ខ្លួនក្មេងទំនើងខាងលើយកមកសួរនាំ បានធ្វើឡើងនៅវេលាម៉ោង ២២ និង ២០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចមុខផ្ទះឈ្មោះ សុខ ចាន់ធឿន ខាងកើតរង្វង់មូលរូបដំរី ស្ថិតក្នុងភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ។ ក្មេងទំនើងម្នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សាយ សុធន់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិបឹងព្រះ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះប្រតិបត្តិការល្បាតចល័តតាមដងផ្លូវ និងត្រួតពិនិត្យធ្វើរដ្ឋបាលចំហ តាមភូមិសាស្ត្រសំខាន់ៗ លុះមកដល់ចំណុចមុខផ្ទះឈ្មោះ សុខ ចាន់ធឿន ខាងកើតរង្វង់មូលរូបដំរី ស្ថិតក្នុងភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ក៏បានប្រទះឃើញក្រុមក្មេងទំនើងខាងលើ និងបក្ខពួកមានគ្នាប្រហែល ៤-៥នាក់ បានសកម្មភាពប្រមូលផ្តុំគ្នាគួរឲ្យមានការសង្ស័យ នៅពេលដែលឃើញសមត្ថកិច្ចយើងជិះរថយន្តល្បាតចល័តទៅដល់ចំណុចខាងលើ ក្រុមនេះមានការឌឺដង និងចង្អុលបក់ដៃហៅ រួចជេប្រមាថមកលើនគរបាល ។ ឃើញសកម្មភាពមិនប្រក្រតី កម្លាំងនគរបាលយើង ក៏ធ្វើការត្រួតពិនិត្យរដ្ឋបាលចំហ ទៅលើក្រុមក្មេងទំនើងទាំងអស់នេះ ពេលឃើញនគរបាលដើរទៅសួរនាំ ក៏នាំគ្នារត់គេចខ្លួន ទើបកម្លាំងនគរបាលតាមចាប់ឃាត់ខ្លួនបានចំនួន ០១ នាក់ ហើយនាំមក ដើម្បីធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងបានឆែកឃើញមានពូថៅចំនួន ២ដើម នៅក្នុងកែបម៉ូតូ ។

បច្ចុប្បន្ន ក្មេងទំនើងខាងលើ ត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

មតិយោបល់