តាកែវ:ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង២៣និង៣០នាទី នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាបារាយណ៍(បន្ទប់ទីចាត់ការ) ដែលស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មានករណី(អំពើលួចមានស្ថានទម្ងន់ទោស) មួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលលួចកាត់ត្រយ៉ូវសោរទ្វាបន្ទប់ទីចាត់ការរបស់សាលាបឋមសិក្សាខាងលើលួចយកសម្ភារៈអស់មួយចំនួនដូចជា៖ ១/ម៉ាស៊ីនព្រីនធឺរម៉ាកEPSON ពណ៌ខ្មៅ ចំនួន០១គ្រឿង ២/ស្ទីកឃឺរ ម៉ាកBT AUX ពណ៌ខ្មៅ ចំនួន០១គ្រឿង ៣/ឧបករណ៍បញ្ជូលភ្លើងកុំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនធឺរចំនួន០២ខ្សែ។ ក្រោយធ្វើសកម្មភាពជនសង្ស័យខាងលើបានយកសម្ភារៈគេចខ្លួន លុះដល់ម៉ោង០៧និង០០នាទីថ្ងៃទី២៩ ខែឆ្នាំដដែល ទើបជនរងគ្រោះឈ្មោះ ជ័យ ស៊ន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិខាន់ខាវ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ដើម្បីជួយអន្តរាគមន៍។
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះខាងលើលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ចុះទៅដល់កន្លែងកើតហេតុធ្វើការស៊ើបអង្កេតស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាលុះដល់ម៉ោង០៩និង០០នាទី ថ្ងៃទី២៩ ខែឆ្នាំដដែល ទើបកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ញេប តូម៉ន ហៅហុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិនិងសង្កាត់កេីតហេតុខាងលើ យកមកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវដើម្បីសាកសួរ។ ក្រោយធ្វើការសាកសួរទើបសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវបន្តរកមុខសញ្ញាដែលពាក់ព័ន្ធ រហូតដល់វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៩ ខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀតឈ្មោះ ញ៉ាវ សូប៉ាយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិនិងសង្កាត់កេីតហេតុខាងលើ(អ្នកធ្វើសកម្មភាពកាត់សោរបន្ទប់ទីចាត់ការ) យកមកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីសាកសួរដោយជនសង្ស័យឈ្មោះ ញ៉ាវ សូប៉ាយ បានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពចូលលួចកាត់សោរបន្ទប់ទីចាត់ការ និងបានលួចយកសម្ភារៈខាងលើទៅលាក់ទុកនៅក្នុងព្រៃខាងក្រោយផ្ទះ។ ករណីខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទាំង០២រួមទាំងវត្ថុតាងទៅការិយាល័យជំនាញ នៃស្នងការដ្ឋានចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់