ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីហិង្សា កាប់ដាច់កដៃ ក្រុមក្មេងទំនើងKSK #Team

ពោធិ៍សាត់:ដោយអនុវត្តតាមមតិចង្អុលការ និងបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៏ និងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការណ៍ជាមួយកម្លាំងជំនាញផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ ករណីបទ ៖ ហឹង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)ដែលបង្កឡើងដោយបក្សពួកក្រុុមក្មេងទំនើងមួយក្រុមមានគ្នា០៥-០៦នាក់ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ឆេង ឈុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិពោធិ៍១ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យដាច់ ក ដៃ ខាងឆ្វេង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ៣៧នាទី នៅចំនុចផ្លូវ ៦០ម៉ែត្រ (ផ្លូវវាងក្រុង) ស្ថិតនៅភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, នៅពេលធ្វើសកម្មភាពរួចក្រុមជនបង្ក ក៏បាននាំគ្នាគេចខ្លួនបាត់អស់។
បន្ទាប់ពីទទួលបានពត៏មាន កម្លាំងផ្នែកជំនាញនៃអធិដ្ឋាននគរបាលក្រុងពោធិ៍សាត់បានចុះធ្វើការស្រាវជ្រាវនិងសាកសួរបំភ្លឺជនរងគ្រោះ រហូតឈានដល់កំណត់មុខសញ្ញានិងឃាត់ខ្លួនបក្សពួកក្រុមជនបង្កបានចំនួន ០១នាក់នៅថ្ងៃទី០៤.០៩.២០២៣ វេលាម៉ោង១៦និង១៦នាទី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ជនសង្ស័យឈ្មោះ ឈ ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។រួចបាននាំខ្លួនជនសង្ស័យមកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជនសង្ស័យក៏បានសារភាព ហើយបានចង្អុលបង្ហាញក្រុមបក្សពួករបស់ខ្លួនដែលជាជនបង្ក។
ក្រោមការខិតខំស្រាវជ្រាវទាំងយប់ទាំងថ្ងៃ ជាក់ស្ដែងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលា ម៉ោង១២និង២២នាទី កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះឃាត់ខ្លួនក្រុមជនបង្កបានជាបន្តបន្ទាប់ និងចាប់យកសម្ភារ:វត្ថុតាងដូចខាងក្រោម ៖
ក្រុមជនបង្ក ៖
១.ឈ្មោះ រឹម ភារ: ហៅ រ៉េ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកគរ ខេត្តពោធិ៍សាត់ ។(ជាមេក្រុមក្មេងទំនើង KSK)
២.ឈ្មោះ សួន សុខរ៉ា ហៅ ប៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ (ជាអ្នកបាញ់ចំពាម កៅស៊ូ)
៣. ឈ្មោះ ញ៉ សុជាតិ ហៅ ធំ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បើកឡានដឹកដី រស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ (ជាអ្នកចូលរួម)
៤. ឈ្មោះ ឌឹម សុផាន់ណាត់ ហៅ ណាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិដូងជួរ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ (ជាជនដៃដល់កាប់ផ្ទាល់)
៥. ឈ្មោះ ទុយ ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ (ជាអ្នកកាប់ម៉ូតូ និងជាអ្នកឌុបជនដៃដល់កាប់ផ្ទាល់)

វត្ថុតាងចាប់យកបានរួមមាន ៖
១ . កាំបិតផ្គាក់ដងឈើចំនួន ០១ដើម (ជាវត្ថុតាងធ្វើសកម្មភាព)
២ . ម៉ូតូ ចំនួន ០៣គ្រឿង (មធ្យោបាយធ្វើសកម្មភាព)

បច្ចុប្បន្នបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង០៦នាក់ រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី។

មតិយោបល់