ព័ត៌មានជាតិ

លោកអភិបាលខេត្តរតនគិរី និងសប្បុរសជននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

រតនគិរីៈ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២០ ខែមិថុនា នៅស្រុកបរកែវ ខេត្តរតនគិរី ទទួលបានអំណោយសប្បុរសធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តនារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក លី វិន្ទ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញក្នុងនាមអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តរតនគិរី បាននាំយកអំណោយជាអង្ករ ត្រីខ មី ស័ង្កសី ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង២២គ្រួសារនោះ។ ក្នុងឱកាសនោះ លោក ប៊ូ ថង ប្រធានគណៈកម្មាធិការទី៤ នៃព្រឹទ្ធសភា បានផ្តល់ជូនពលរដ្ឋរងគ្រោះទាំង២២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា២០០០០រៀលផងដែរ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២០ មិថុនា នៅខេត្តរតនគិរី មានភ្លៀងធ្លាក់មួយមេធំលាយលំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិជ្រុង ឃុំកិះចុង អស់ចំនួន២០ខ្នង ដោយផ្ទះចំនួន២ខ្នងបានដួលរំលំ។ ដោយឡែកសាលាបឋមសិក្សានៅភូមិជ្រុងចំនួន១៦ខ្នង ត្រូវរបើកដំបូលជ្រុះក្បឿង និងបង្កគ្រោះថ្នាក់ដល់កុមារចំនួន៤នាក់ផងដែរ ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។

ក្រោយទទួលបានព័ត៌មានភ្លាម លោក ថង សាវុន អភិបាលខេត្ត បានចាត់កម្លាំងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងគ្រោះភ្លាមៗ៕

មតិយោបល់